(ស្ទឹងត្រែង)៖ ក្រសួង-ស្ថាប័នជំនាញ និងដៃគូជាតិ-អន្តរជាតិបានបញ្ជាក់ពីវឌ្ឍនភាពលើកដំបូង ដែលមន្ទីរទេសចរណ៍បានរៀបចំមណ្ឌលព័ត៌មានរបស់ខ្លួនឱ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាល នោះគឺមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ដែលបានខិតខំរៀបចំរហូតក្លាយជាមណ្ឌលហាត់ការសម្រាប់បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្នុងខេត្ត និងជាកន្លែងប្រមូលផ្តុំផ្សព្វផ្សាយនិងលក់ផលិតផលរបស់ប្រជាសហគមន៍ទេសចរណ៍។

ការបញ្ជាក់នេះធ្វើឡើងតាមរយៈទស្សនកិច្ចមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង របស់គណៈកម្មការតម្រង់ទិសគម្រោងអភិវឌ្ឍន៍អភិវឌ្ឍន៍ (Skills Development Programme) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលរៀបចំឡើងនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការណ៍ដែលមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង (Tourist Information Center) ឲ្យក្លាយទៅជាមណ្ឌលហាត់ការសម្រាប់បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្នុងខេត្តបែបនេះ គឺមន្ទីរទេសចរណ៍ខេត្តបានខិតខំសហការជាមួយក្រសួងទេសចរណ៍ ក្រសួងការងារ វិស័យឯកជន និងអង្គការដៃគូនានា។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានទទួលការកោតសរសើរយ៉ាងខ្លាំងពីលោកស្រី Naddia Orttiger អនុប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងតំណាងក្រសួងទេសចរណ៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ក៏ដូចជាអភិបាលរងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរីផងដែរ។

គួរជម្រាបថា លទ្ធផលដែលមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែងបានផ្ដល់ការបណ្ដុះបណ្ដាលនោះរួមមាន៖

១៖ វគ្គបណ្ដុះបណ្ដាលហូកាលើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ២០នាក់ (ស្ត្រី១៥នាក់)។

២៖ វគ្គបណ្ដុះបណ្ដាលជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន (Basic Barista Skill) ១២នាក់ (ស្ត្រី៩នាក់)។

៣៖ វគ្គបណ្ដុះបណ្ដាលមគ្គុទេ្ទសក៍ទេសចរណ៍សហគមន៍ ២០នាក់ (ស្ត្រី៧នាក់)។

៤៖ វគ្គបណ្ដុះបណ្ដាលទៅកាន់អ្នកទទួលផលប្រយោលសរុប៦២នាក់ (ស្រី៤២នាក់)។ សរុបទាំងផ្ទាល់ និងប្រយោលមានចំនួន១១៤នាក់ (ស្រី៧៣នាក់)។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនោះដែរ បានបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍ជំនាញនេះ មន្ទីរទេសចរណ៍មានលទ្ធភាពបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ផ្ទាល់នៅមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ និងសិក្ខាកាមមានឱកាសហ្វឹកហាត់ការងារជាមួយភ្ញៀវទេសចរដែលមកប្រើប្រាស់សេវាកម្មផ្ទាល់។

លោក រតនា បានគូសបញ្ជាក់ទៀតថា មណ្ឌលហាត់ការសម្រាប់បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្នុងខេត្តនេះជាគំរូមួយសម្រាប់ប្រទេសកម្ពុជា ពីព្រោះថាមិនទាន់មានមន្ទីរទេសចរណ៍រាជធានី-ខេត្តណាមួយរៀបចំបានដូច្នេះឡើយ។ លោកជឿជាក់ថា ការរៀបចំមណ្ឌលបណ្ដុះបណ្ដាលនេះនឹងជួយច្រើនទៅដល់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ក្នុងខេត្ត។

ខណៈដែលក្នុងវិស័យទេសចរណ៍មិនទាន់មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ច្រើននោះ ប្រសិនបើតាមបណ្ដារាជធានី-ខេត្តអាចរៀបចំឱ្យមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដូចនៅខេត្តស្ទឹងត្រែងយ៉ាងនេះបាន គឺពិតជាជួយជំរុញបន្ថែមនូវការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា។ «ប្រសិនបើមួយខេត្តបណ្ដុះបណ្ដាលសិក្ខាកាមបាន៤០០ទៅ៥០០នាក់ក្នុងមួយឆ្នាំៗ ទាំងវគ្គខ្លីៗ ទាំងវគ្គពង្រឹងសមត្ថភាព ឬជំនាញផ្សេងៗ ដូច្នេះនឹងជួយពង្រឹងគុណភាពសេវាកម្មទេសចរណ៍នៅតាមរាជធានី-ខេត្តបានល្អប្រសើរ», នេះបើតាមលោក ជួប រតនា ដែលមានបទពិសោធន៍ច្រើនលើការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍។

លោកបានបន្តទៀតថា ការរៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះក៏ចូលរួមបានមួយភាគធំជាមួយទិសដៅរបស់ក្រសួងទេសចរណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ»។ ម្យ៉ាងទៀត ក៏នឹងចូលរួមជំរុញគោលនយោបាយទេសចរណ៍ក្នុងការស្ដារជំនាញវិជ្ជាជីវៈទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ ពីព្រោះក្នុងពេលជួបវិបត្តិជំងឺកូវីដកាលគ្រាដំបូងៗនោះ គឺមានបុគ្គលិកឈប់សម្រាកពីការងារ ឬព្យួរកិច្ចសន្យាការងារច្រើន ជាហេតុធ្វើឱ្យបាត់បង់នូវជំនាញវិជ្ជាជីវៈមួយចំនួន ដែលទាមទារតម្រូវឱ្យមានការស្ដារជំនាញសមត្ថភាពដល់ពួកគេឡើងវិញ៕