(កំពង់ឆ្នាំង)៖ សមាជិកសមាជិកាថ្មីគណបក្សប្រជាជនកម្ពុជាចំនួន១៣៧នាក់ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល អមដំណើរដោយលោក ប៉ែន សំបូរ អនុប្រធានក្រុមការងារថ្នាក់កណ្តាល, លោក អម សុភា ប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកបរិបូណ៌, លោក អ៊ុក សារុន ក្រុមការងារគណបក្សខេត្តចុះជួយស្រុកបរិបូណ៍, លោក សោម ភិរុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំឆ្នុកទ្រូ, លោក ឃួន សៅរុំ ប្រធានគណៈកម្មាធិការបក្សស្រុក និងលោក ឯល សារឿន ក្រុមការងារថ្នាក់ស្រុក, លោក សុក សន សមាជិកក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ឃុំព្រមទាំងលោក/លោកស្រីជាច្រើនរូប។

តំណាងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីទាំង១៣៧នាក់ បានធ្វើការប្តេជ្ញាចិត្តស្មោះស្ម័គ្រគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំឆ្នុកទ្រូ ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

លោក សូ ស៊ីនួន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំយកនូវសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកថាការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។

នាឱកាសនោះ ក្រុមការងារបានឧបត្ថម្ភវត្ថុអនុស្សាវរីយ៍ជូននូវបណ្ណសម្គាល់សមាជិកបក្សចំនួន១, សៀវភៅលក្ខន្តិកៈបក្សចំនួន១ក្បាល, សារ៉ុងចំនួន១, អាវយឺត១, មួកចំនួន១, អាហារសម្រន់ ១កញ្ចប់ និងថវិកាចំនួន១០,០០០រៀល ក្នុងម្នាក់។ ពិធីនេះប្រព្រឹត្តធ្វើឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» បានយ៉ាងខ្ជាប់ខ្ជួនផងដែរ៕