(ភ្នំពេញ)៖ វគ្គសិក្សាថ្មី អំពីរបៀបសរសេរព័ត៌មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នឹងចាប់ផ្តើមចូលរៀន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះហើយ។ វគ្គសិក្សានេះបង្ហាត់បង្រៀនដោយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News និងមានសិក្ខាកាមចំនួន ៥៥រូប ដែលមកពីអង្គភាពព័ត៌មាន ស្ថាប័នរដ្ឋ និងឯកជននានា។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ខែ ដែលនឹងសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេស ជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News និង លោក ម៉ារ យ៉ារិទ្ធ បានថ្លែងអំណរគុណដល់សាធារណជនទាំងអស់ដែលបានគាំទ្រយ៉ាងខ្លាំងក្លាចំពោះការបណ្តុះបណ្តាលព័ត៌មានពីអង្គភាពព័ត៌មាន Fresh News ដោយសាររយៈពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រកាសវគ្គថ្មីនេះ គឺមានសាធារណជនជាច្រើន បានសម្រុកចុះឈ្មោះធ្វើឱ្យការចុះឈ្មោះចូលរៀនកើនលើសការរំពឹងទុក ហើយត្រូវបិទមុនកាលកំណត់។

ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលខកខានមិនបានចូលរៀនវគ្គនេះ ក៏នៅមានឱកាសក្រោយទៀត ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) កំពុងពិចារណាក្នុងការរៀបចំវគ្គសិក្សាខ្លីថ្មីៗទៀត ពាក់ព័ន្ធនឹងជំនាញក្នុងវិស័យព័ត៌មាន ក្នុងឆាប់ៗនេះ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334