(កំពង់ស្ពឺ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឈួន វ៉ន ប្រធានផ្នែកដឹកជញ្ជូន នៃ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សុវត្ថិភាពច្បាប់ចរាចរណ៍» ថា សូមបងប្អូន ប្រើប្រាស់ផ្លូវជាតិទាំងអស់ ត្រូវគោរពច្បាប់ចរាចរឲ្យបានខ្ជាប់ខ្ជួន ព្រោះកត្តាគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់អ្នកធ្វើដំណើរលើដងផ្លូវសាធារណៈ ជារៀងរាល់ថ្ងៃមិនតិចជាង ៣ ទៅ ៦នាក់ ជារៀងរាល់។ គ្រោះថ្នាក់ចរាចរណ៍ កាចសាហាវជាងជំងឺកូវីដ១៩ ទៅទៀត។

លោក ឈួន វ៉ន បានថ្លែងបន្តថា ខេត្តកំពង់ស្ពឺរយៈពេល៦០ថ្ងៃកន្លងមកនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅឡើយទេ។ នេះយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្ដល់ជូនដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ដែលប្រធាន ស.ស.យ.ក បានបញ្ជាក់ផងដែរថា អ្វីដែលគួរខ្លាច គឺគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សរាល់ថ្ងៃ។

លោក ឈួន វ៉ន ស្នើសុំឲ្យយុវជន ស.ស.យ.ក ទាំងអស់ ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះទៅ ត្រូវយកទៅអប់រំណែនាំបន្ត ដល់ក្រុមយុវជនដទៃទៀត នៅតាមមន្ទីរ អង្គភាពរបស់ខ្លួនឲ្យបានយល់ដឹង ពីហានិភ័យដោយសារ គ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុក្ខសោកនាដកម្មដ៏ធំធេងសម្រាប់សង្គមគ្រួសារ និងសង្គមជាតិ ហើយចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា។

ជាពិសេសក្រុមយុវជន ស.ស.យ.ក ទាំងអស់ ត្រូវអប់រំបន្តដល់យុវជនដទៃទៀតរួមមាន៖

*ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុ ៣ឆ្នាំឡើង
*មុនពេលចេញដំណើរបត់ឆ្វេង បត់ស្តាំ ត្រូវមើល និងត្រូវប្រកាន់ស្តាំជានិច្ច
*គោរពសញ្ញាចរាចរណ៍ គំនូស ស្លាក ភ្លើង និងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍
*ល្បឿនអតិបរិមាក្នុងទីប្រជុំជន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង
*ល្បឿនអតិបរិមាក្រៅទីប្រជុំជន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូតូកង់បី និងម៉ូតូសណ្ដោងរម៉ក
*៦០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូតូ១២៥សេសេ និង ៧០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ម៉ូតូលើស១២៥ សេសេ
*បើកបរមិនស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន
*ត្រូវបន្ថយល្បឿន និងគោរពសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ
*មុនពេលបត់ឆ្វេង ឬស្ដាំ ត្រូវមើលកញ្ចក់ មើលក្រោយ មើលទិសឆ្វេង ស្ដាំ ពីមុខ និងភ្លើងសញ្ញាប្តូរទិស ឬលើកដៃជាសញ្ញាក្នុងចម្ងាយយ៉ាងតិច ២០ម៉ែត្រ
*កុំជែង (វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់ និងត្រូវផ្ដល់ភ្លើងសញ្ញា ឬស៊ីផ្លេដល់យានយន្ត នៅខាងមុខបានដឹង
*ហាមផ្ទុកមនុស្ស ឬទំនិញលើសចំណុះ សំពីងសំពោង និងហាមប្រើទូរស័ព្ទ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេង និងត្រូវមានស្មារតីប្រុងប្រយ័ត្ន និងចេះគោរពយោគយល់អាធ្យាស្រ័យ ដល់អ្នកបើកបរដទៃទៀតផងដែរ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សុវត្ថិភាពច្បាប់ចរាចរណ៍» ដល់សមាជិកសមាជិកា ស.ស.យ.ក ខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ មានសមាជិកសមាជិកាចូលរួមជាង២០០នាក់ មកពីតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងអភិបាលរងទទួលបន្ទុកក្រុងស្រុកទាំង៨ និងបានចែកមួកសុវត្តិភាពជូនសមាជិកអង្គពិធី៕