(ប៉េកាំង,ចិន)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ដែលបានធ្វើឡើងក្រោមពាក្យស្លោកប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត» បានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល។

ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយក្រុមសារព័ត៌មាន Xinhua នៅរាជធានីភ្នំពេញ នាពេលកន្លងទៅនេះ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២ នឹងផ្តល់ជូនអត្តពលិកនូវកន្លែងស្នាក់ ម្ហូបអាហារ ការថែទាំសុខភាព ការធ្វើចរាចរណ៍ ការកម្សាន្តកាយសម្បទា ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀតដែលមានគុណភាពខ្ពស់។ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ប្រជាជនចិននឹងធ្វើឱ្យដិតជាប់ក្នុងអារម្មណ៍របស់អ្នកចូលរួម។ ព្រះអង្គជឿជាក់ថា ប្រជាជនចិន មានសមត្ថភាពក្នុងការបង្ហញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក។

ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះពាក្យស្លោកប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត» របស់កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិកប៉េកាំងឆ្នាំ២០២២។ ព្រះអង្គមានព្រះរាជបន្ទូលថា នេះបានបង្ហាញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ដោយឃើញថាក្នុងបរិបទកូវីដ១៩ ពិភពលោកកំពុងប្រឈមមុខជាមួយភាពលំបាកគ្រប់ប្រភេទ ហើយពាក្យស្លោកប្រធានបទបានបង្ហាញពីពិភពលោកត្រូវខិតខំរួមគ្នាដើម្បីសម្រេចបាននូវភាពត្រចះត្រចង់នាថ្ងៃអនាគត។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា «រួមគ្នាឆ្ពោះទៅអនាគត បានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នា និងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូលនិងចក្ខុវិស័យនៃកីឡាអូឡាំពិក ព្រមទាំងការស្វែងរកគោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក។ ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗនៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសការដើរតួនាទីសំខាន់នៃកីឡាអូឡាំពិកក្នុងការលើកកម្ពស់ការយោគយល់គ្នានៅក្នុងសង្គម»

អំពីទំនាក់ទំនងរវាងកម្ពុជា និងចិនវិញ ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងលោក Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិកនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី កាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជា និងចិនបានក្លាយជាមិត្តចាស់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិនទទួលបានការអភិវឌ្ឍន៍រីកចម្រើន។ ក្នុងអំឡុងពេលនៃជំងឺវីរុសកូវីដ១៩ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺវីរុស ចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិងផ្តល់ជូនជាសម្ភារប្រយុទ្ធប្រឆាំងជំងឺវីរុសមកកាន់កម្ពុជា ជាពិសេសនោះគឺវ៉ាក់សាំងកូវីដ។ នាពេលបច្ចុប្បន្ននេះ ជាង ៩០%នៃវ៉ាក់សាំងកូវីដដែលកម្ពុជាទទួលបានគឺមកពីប្រទេសចិន នេះជាការបង្ហាញយ៉ាងជាក់ស្តែងអំពីសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែបន្តអភិវឌ្ឍរីកចម្រើន ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងជាបន្តបន្ទាប់។ ឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជានិងចិនបានចូលជាធរមាន ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការដឹកជញ្ជូន និងកសិកម្មជាដើម។

ព្រះករុណាព្រះមហាក្សត្រមានការរំពឹងទុកថា តាមរយៈចំណងមិត្តភាពនៃប្រជាជនទាំងពីរប្រទេសដែលប្រៀបដូចបងប្អូន នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំ កម្ពុជានិងចិននឹងរួមចំណែកកាន់តែធំធេងសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕