(ភ្នំពេញ)៖ ដោយមានទំនាក់ទំនងកិច្ចសហការល្អជាមួយគ្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាជាតិ លោកជំទាវឧកញ៉ាបណ្ឌិត ជា សុវណ្ណនី បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន២០កន្លែងដល់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

យោងតាមលិខិតរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាជាតិ ដែលបានផ្ញើមកកាន់លោកអគ្គនាយកបណ្ដាញព័ត៌មាន Fresh News បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យបញ្ញាជាតិ សូមផ្ដល់អាហារូបករណ៍ ១០០% ចំនួន២០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ១៥កន្លែង សិក្សារយៈពេល៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥កន្លែង សិក្សារយៈពេល២ឆ្នាំ (ស្មើទឹកប្រាក់៣៩,៥០០ដុល្លារ) ជូនលោកអគ្គនាយក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា សាកលវិទ្យាល័យបញ្ញាជាតិ ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនតែមួយគត់ដែលបណ្ដុះបណ្ដាលនិស្សិតផ្ដោតលើចំណេះដឹង សមត្ថភាព បញ្ញា និងគុណធម៌។ និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ គឺជានិស្សិតដែលមានសមត្ថភាពគ្រប់គ្រាន់លើជំនាញច្បាស់លាស់ ព្រមទាំងទទួលបានការងារនិងមុខតំណែងល្អៗនៅតាមបណ្តាក្រសួង មន្ទីរ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា...៕