(កំពង់ឆ្នាំង)៖ លោក គុណ ជាស៊ីន សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងឱ្យលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ តេង ចាន់ថន ភេទស្រី ជាជនពិការទន់អវយវៈក្រោមទាំង២ រស់នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនពិការខាងលើរស់នៅជាមួយម្តាយចាស់ជរា នៅក្នុងផ្ទះទាមផ្ទាល់ដីទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើជញ្ជាំងប្រក់ស្លឹកត្នោត និងដំបូលស័ង្កសី មានសភាពចាស់ទ្រុឌទ្រោម និងធ្លុះធ្លាយដោយអន្លើរ។ មុខរបរបច្ចុប្បន្នរបស់គាត់ គឺធ្វើនំលក់បន្តិចបន្តួចជាមួយម្តាយចាស់ដូចជា នំអន្សម នំអាកោត្នោត និងក្រឡានជាដើម ដោយម្តាយចាស់ជាអ្នកដើរលក់នៅតាមផ្ទះអ្នកស្រុកជិតខាង។

លោក គុណ ជាស៊ីន សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការបានថ្លែងថា កម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ជនពិការក្រីក្រ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់សាខាមូលនិធិជនពិការប្រចាំខេត្តកំពង់ឆ្នាំង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការស្វែងរកជនពិការក្រីក្រ និងការកសាងឯកសារពាក់ព័ន្ធជូនមូលនិធិជនពិការ។
លោកក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមចូលរស់នៅក្នុងគេហដ្ឋាននេះ ឱ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺនានា។

ជំនួសមុខឱ្យគ្រួសារជនពិការ លោកមេឃុំជ្រៃបាក់ បានថ្លែងអំណរគុណដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជនពិការ ដែលបានសាងសង់ផ្ទះថ្មី១ខ្នងជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោក ដែលនេះពិតជាការកាត់បន្ថយទុក្ខលំបាករបស់ជនពិការបានមួយចំណែកធំ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស ជាមួយគ្នានេះអាជ្ញាធរឃុំជ្រៃបាក់ក៏បានឧបត្ថម្ភបន្ថែមនូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕