(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភី អាហារូបករណ៍ចំនួន ២៩ រូប ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ បន្ថែមលើការអបអរសាទរចំពោះនិស្សិតទាំង ២៩រូប ដែលទទួលបានអាហារូបកណ៍របស់រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២១ និង២០២២នេះ, លោកអភិបាលរងបានជម្រាបជូនក្រុមនិស្សិត ជ័យលាភី អំពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ តាមរយៈចក្ខុវិស័យវែងឆ្ងាយដោយមានការរៀបចំឯកសារគោលសំខាន់ៗ រួមមាន៖ ប្លង់គោលប្រើប្រាស់ដីធ្លី ២០១៥-២០៣៥, ផែនការមេស្តីពីការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៦, ផែនការមេស្តីពីការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ឆ្នាំ២០១៤ និងការឈានទៅអនុម័តឱ្យប្រើប្រាស់ឯកសារផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តរភាពរបស់រាជធានីភ្នំពេញឆ្នាំ២០៣៥ នាពេលខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានចែករំលែកបទពិសោធន៍ជាអតីតនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំង កាលពី ២០ឆ្នាំមុន ព្រមទាំងឆ្លៀតផ្តាំផ្ញើ និងសំណូមពរដល់ក្រុមនិស្សិតជ័យលាភីធ្វើជាអគ្គរដ្ឋទូតសុឆន្ទៈ របស់កម្ពុជា ដោយផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់ប្រទេសជាតិទៅដល់បរទេស ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង នៅពេលត្រឡប់មកកាន់មាតុប្រទេសវិញ។

ជាចុងក្រោយ លោកអភិបាលរងក៏បានពាំនាំថវិកាដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ផ្ញើជូនដល់ក្រុមនិស្សិតជ័យលាភីផងដែរ៕