(កំពង់ធំ)៖ លោកស្រី មាន សំអាន សមាជិក ព្រឹទ្ធសភា ប្រធានគណកម្មការទី៨នៃព្រឹទ្ធសភា ប្រធានគណៈចលនាស្រ្តី និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានសំណូមពរ «សូមចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់សង្គមជាតិ»

ថ្លែងក្នុងពិធីបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រី ដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់ នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី មាន សំអាន ក៏បានថ្លែងជំរុញ ឲ្យស្ត្រីគ្រប់រូបត្រូវមានភាពក្លាហានផងដែរ។

លោកស្រី មាន សំអាន បានបន្តថា «ថ្ងៃនេះយើងមានមោទនភាព ដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើង ហើយជំរុញឲ្យស្ត្រីទាំងអស់មានភាពក្លាហាន មានជំនាញមានចំណេះដឹង ដើម្បីបានចូលរួមគ្រប់សកម្មភាពរបស់សង្គម ទោះបីជាពេលខ្លះនារីរបស់យើង មានការលំបាកក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរាជរដ្ឋាភិបាល ដែលមានលោកស្រី ម៉ែន សំអន ជាប្រធាន បានខិតខំធ្វើយ៉ាងណាឲ្យស្ត្រីមានតួនាទីស្នូល និងសំខាន់បំផុតសម្រាប់សង្គមជាតិឱ្យមានការទទួលខុសត្រូវ»

សមាជិកព្រឹទ្ធសភាដដែល បានក្រើនរំលឹក បន្ថែមទៀតថា៖

* បន្តពង្រឹងភាពអង់អាចរបស់ស្ត្រី ដោយបង្កើនសក្តានុពលចំពោះស្រ្តីក្នុងតួនាទីជាដៃគូដ៏មានតម្លៃ ជាមួយនឹងបុរសក្នុងសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ស្រីនៅតាមភូមិឃុំឱ្យមានមុខរបរសមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន
* បន្តលើកកម្ពស់សុខុមាលភាពស្ដី្រដោយអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលចំពោះស្រ្តីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ
* បន្តផ្សព្វផ្សាយអប់រំសីលធម៌សង្គមនៅគ្រប់វេទិកា គ្រប់រូបភាពតាមប្រព័ន្ធបណ្តាញ សង្គមសំដៅបង្ការទប់ស្កាត់ការប្រើហិង្សាលើស្ត្រីនិងកុមារ
* បន្តចូលរួមលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី ដោយបានចាត់ទុកស្ត្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច របស់សង្គមជាតិ។

ជាចុងក្រោយលោកស្រីក៏បានសំណូមពរដល់ក្រុមចលនាស្ត្រីទាំងអស់ ត្រូវតែយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់កិច្ចគាំពារសង្គម ចំពោះស្ត្រីនៅមូលដ្ឋាន យល់អំពីយន្តការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគាំពារនិងអភិវឌ្ឍស្ត្រី និងស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចអភិបាលកិច្ចស្ត្រីនៅមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្តកំពង់ធំ បានថ្លែងថា វគ្គបំប៉នពង្រឹងសមត្ថភាពសម្រាប់ស្ត្រីដឹកនាំឃុំស្រុកស្តីពីសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍនេះ ក្នុងគោលបំណងជួយដល់ក្រុមស្ត្រី ស្ដីពីគោលនយោបាយនិងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងលើកស្ទួយដល់ស្ត្រីក្នុងជួរគណបក្ស ក៏ដូចជាស្ត្រីទូទៅដើម្បីមានឱកាសកសាងនិងបង្ហាញនូវស្នាដៃជូនចំពោះជាតិ ដើម្បីរំលឹកឡើងវិញនៅវីរភាពដ៏អង់អាចក្លាហានដែលវីរនារី បានពុះពារគ្រប់ឧបសគ្គ ដែលនារីទាំងអស់បានខិតខំតស៊ូជម្នះគ្រប់ការលំបាក៕