(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្លាស់ប្ដូរទីតាំងបំពេញការងាររដ្ឋបាលសាលាខេត្ត ទៅទីតាំងថ្មីជាបណ្ដោះអាសន្ន ដើម្បីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការផ្លាស់ប្តូរទីតាំងបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការបម្រើសេវាជូនប្រជាពលរដ្ឋ ជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅផ្លូវលេខ១០៣២ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ (សូមជូនភ្ជាប់ផែនទីបង្ហាញទីតាំងមកជាមួយ ឬអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៦ ៧៨៦ ២០០ / ០១១ ៧៨៩ ២២២។

រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ដើម្បីជួយសម្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសមជាខេត្តតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង។ ក្នុងកិច្ចដំណើរការ នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុត្រូវប្រើប្រាស់រយៈពេលប្រមាណ ១៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃ០៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដព្រះសីហនុ ក៏បានជូនដំណឹងពីការផ្អាកបម្រើសេវាជាបណ្ដោះអាសន្ន នៅអង្គភាពច្រកចេញចូលតែមួយ រយៈពេល២ថ្ងៃផងដែរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីរៀបចំកន្លែងធ្វើការថ្មី និងតបណ្ដាញ Network។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖