(ត្បូងឃ្មុំ)៖ រយៈពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៣,០០០នាក់ បានមកកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ បើប្រៀបធៀបនឹងឆ្នាំមុនឃើញថាភ្ញៀវថយចុះរហូតដល់ជាង៧០ភាគរយ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ភ្ញៀវទេសចរមកទស្សនាខេត្តត្បូងឃ្មុំសរុបមានចំនួន៣,០៥៥នាក់។ ធៀបឆ្នាំ២០២១ មានចំនួន១០,២១១នាក់ ថយចុះ ៧០.០៨%។ លោកថា ការថយចុះភ្ញៀវនេះបណ្តាលមកពីប្រពលរដ្ឋខ្លាចមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកប្រធានមន្ទីរ ក៏បានចាត់មន្រ្តីមន្ទីរទេសចរណ៍ផ្សព្វផ្សាយនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ ក៏បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូបសម្រាប់ជូនភ្ញៀវដឹងមុន។

លោក អឿន រិទ្ធ បន្ថែមថា មន្ទីរទេសចរណ៍ខេត្តបានបន្តពង្រឹងការគ្រប់គ្រងនៅរមណីយដ្ឋាន ការកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវ និងមិនត្រូវទទួលភ្ញៀវលើសចំណុះជាដាច់ខាត ក៏ដូចជាបានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសំរាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម។

សូមជម្រាបថា ក្នុងខេត្តត្បូងឃ្មុំមានរមណីយដ្ឋានសំខាន់ៗចំនួន៩កន្លែង រួមមាន៖ រមណីយដ្ឋានទឹកធ្លាក់ហោង រមណីយដ្ឋានហ្លួងស្តេចកន ភូមិនេសាទ (មាត់ឃ្មង់) រមណីយដ្ឋានព្រះធាតុបាស្រី រមណីយដ្ឋានតាសែដូងក្អូប រមណីយដ្ឋានអូក្តូង រមណីយដ្ឋានបឹងក្រចាប់ រមណីយដ្ឋានឫស្សីឈូករ័ត្ន និងរមណីដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ៕