(ស្វាយរៀង)៖ ខេត្ដស្វាយរៀង ជាខេត្តទីមួយដែល «បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល» ស្របតាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥ (NSP 2014-2025) ប្រទេសកម្ពុជា ត្រូវសម្រេចឲ្យបាន១០០ភាគរយ ទាំងទឹកស្អាត និងអនាម័យនៅឆ្នាំ២០២៥។ នេះបើយោងតាម លោក តូច ប៉ូលីវ៉ា អភិរងខេត្តស្វាយរៀង បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកបានបន្ថែមថា តាមរយៈការអនុវត្តសកម្មភាពជាច្រើនក្នុងការផ្សព្វផ្សាយអំពីអនាម័យ និងដើម្បីឲ្យខេត្តស្វាយរៀង បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង បានយល់ដឹងពីសារៈសំខាន់ នៃការទម្លាប់អនាម័យល្អ ប្តូរឥរិយាបទទំលាប់អាក្រក់មកល្អ តាមរយៈការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ។ ការចូលរួមសហការរបស់អាជ្ញាធរ ក្រុងស្រុក សង្កាត់ឃុំ មេភូមិ ជនបង្គោលអនាម័យនៅមូលដ្ឋាន (វីរជនអនាម័យ) និងមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់រូបបានធ្វើឲ្យអត្រាអនាម័យបានកើនពី៩២ភាគរយ ទៅ១០០ភាគរយ នៅទូទាំងខេត្តស្វាយរៀង តាមការចុះពិនិត្យផ្ទៀងផ្ទាត់ទទួលស្គាល់ដោយគណៈកម្មការថ្នាក់ខេត្ត និងថ្នាក់ជាតិ។

លោក តូច ប៉ូលីវ៉ា បានបន្តថា លទ្ធផលដ៏ឧដុង្គឧត្តមដែលទទួលបាននៅពេលនេះ គឺឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិ (PSP) និងផែនការសកម្មភាពជាតិ (NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិប្រកបដោយចរភាព (SGDs) ដើម្បីរួមចំណែកកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ ដើម្បីដឹកនាំការងារនេះទទួលបានភាពជោគជ័យ។

លោកថា រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PWG-RWSSH) មានរូបលោកផ្ទាល់ ជាប្រធានក្រុមការងារ មានសមាសភាពចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំង៨ អមដោយលេខាធិការដ្ឋាននៃក្រុមការងារ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញ។

បើតាមលោក តូច ប៉ូលីវ៉ា ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក ម៉ែន វិបុល អភិបាលខេត្ត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្រុកស្វាយទាប សម្រេច ODF និងបានធ្វើពិធីប្រកាសទទួលស្គាល់ផ្លូវការ ជាស្រុកទីពីរ បន្ទាប់ពីស្រុកបន្ទាយមាស ខេត្តកំពត ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់មកនៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្រុករំដួល ជាស្រុកទីបី ដែលប្រកាសទទួលស្គាល់ជាផ្លូវការ ជាស្រុកបានបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF District) ក្រោមអធិបតីភាពលោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបានបន្ថែមថា អំឡុងពេលរៀបចំផែនការសកម្មភាពខេត្ត ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត ជំហានទី២ ឆ្នាំ២០១៨-២០២៣ (PAP Phase II 2018-2023) ដោយមានការជំរុញបន្ថែមពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្ត និងក្រោមការតាមដានត្រួតពិនិត្យជាប្រចាំពីលោកផ្ទាល់ជាអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG-RWSSH ខេត្តស្វាយរៀង ធ្វើឲ្យរដ្ឋបាលក្រុងស្រុកទាំង៨ ប្តេជ្ញាចិត្តដាក់ចេញផែនការកំណត់សម្រេចODF 100% នៅមុនបំណាច់ឆ្នាំ២០២១ ដើម្បីខេត្តស្វាយរៀងទាំងមូលឈាន ទៅទទួលបានជោគជ័យ ជាខេត្តទីមួយ នៃប្រទេសកម្ពុជាសម្រេចបាន ODF 100% នៅឆ្នាំ២០២២។

សូមបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅខេត្តស្វាយរៀង បានវាយតំលៃ និងប្រកាសផ្ទៃក្នុងរបស់ខេត្ត ពិតជាសម្រេចបាន ODF ១០០ភាគរយ ហើយបានស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទៀងផ្ទាត់ដោយគណៈកម្មការថ្នាក់ជាតិ កាលពីថ្ងៃទី១០-១៣ ខែមករា ឆ្នាំ២០២២ ហើយបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

តាមរបាយការណ៍របស់គណៈកម្មការថ្នាក់ជាតិ និងប្រកាសនីយប័ត្រ បញ្ចប់ការបន្ទោបង់ពាសវាលពាសកា បានប្រកាសលទ្ធផលថា ខេត្តស្វាយរៀង បានបំពេញគ្រប់លក្ខខណ្ឌ ដោយជោគជ័យ ទទួលបានជ័យលាភី «ខេត្តសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ជាស្ថាពរ (Open Defecation Free 100%)» និងជាខេត្តទីមួយ ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា៕