(ភ្នំពេញ)៖ អគ្គនាយកបណ្ដាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានផ្ញើសារថ្លែងអំណរគុណជូនចំពោះលោកជំទាវឧកញ៉ា ជា សុវណ្ណនី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាជាតិ ដែលបានផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន២០កន្លែង ដើម្បីផ្ដល់ជូនបន្តដល់និស្សិតក្រីក្រដែលមានបំណងចង់បន្តការសិក្សានៅកម្រិតឧត្តមសិក្សាតទៅទៀត។

ការថ្លែងអំណរគុណនេះធ្វើឡើងបន្ទាប់ពីលោក លឹម ជាវុត្ថា ទទួលបានលិខិតពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាជាតិ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ក្នុងលិខិតនោះបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យបញ្ញាជាតិសូមផ្ដល់អាហារូបករណ៍ ១០០% ចំនួន២០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ១៥កន្លែង សិក្សារយៈពេល៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥កន្លែង សិក្សារយៈពេល២ឆ្នាំ ជូនលោកអគ្គនាយកដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ជាមួយគ្នានោះ លោកអគ្គនាយក លឹម ជាវុត្ថា ក៏បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវឧកញ៉ា ជា សុវណ្ណនី ដែលតែងតែមានសណ្ដានចិត្តថ្លៃថ្លាផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងនាពេលកន្លងមក និងពេលនេះ ក្នុងការរួមចំណែកជួយសម្រួលដល់ការសិក្សារបស់និស្សិតក្រីក្រមួយចំនួន ដែលចង់បន្តការសិក្សានៅកម្រិតឧត្តមសិក្សាតទៅទៀត។

លោក លឹម ជាវុត្ថា បានបញ្ជាក់ថា លោកនឹងពាំនាំការផ្ដល់អាហារូបករណ៍ទាំង២០កន្លែងនេះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពិសេសនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នេះ។ ការអនុគ្រោះរបស់សាកលវិទ្យាល័យបញ្ញាជាតិនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកម្លាំងដ៏ចាំបាច់ក្នុងការកសាងអភិវឌ្ឍជាតិឱ្យរីកចម្រើនបន្តទៅមុខ៕