(ភ្នំពេញ)៖ ក្នុងអំឡុងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ កម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនអស់ជាង ៣លាននាក់ ក្នុងនោះបានកាប់សម្លាប់បញ្ញវន្តខ្មែរ មន្ត្រីរាជការ គ្រូបង្រៀន និងអ្នកជំនាញ ដែលសុទ្ធសឹងតែជាធនធានស្នូលសម្រាប់ការអភិវឌ្ឍសង្គមជាតិ ហើយបានបន្សល់ទុកស្ត្រីមេម៉ាយ ក្មេងកំព្រា និងអ្នកបាត់បង់កាយសម្បទា ព្រមទាំងភាពខ្ទេចខ្ទាំនៃហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតស្បៀងអាហារ និងកម្លាំងផលិតកម្ម។

រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាគុកឥតជញ្ជាំង ដែលពលរដ្ឋខ្មែរគ្មានសង្ឃឹមក្នុងការទទួលបានសេរីភាពឡើងវិញឡើយ សូម្បីសង្ឃឹមក្នុងការរស់នៅមានជីវិត ក៏គ្មានសង្ឃឹមដែរនោះ ហើយសិទ្ធិក្នុងការរស់រានក៏គ្មានផងដែរ។

របបប្រល័យពូជសាសន៍ គឺជារបបមួយពោរពេញដោយភាពស្រេកឃ្លាន ធ្វើការលើសកម្លាំង និងការបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សូម្បីតែសិទ្ធិក្នុងការជ្រើសរើសគូជីវិត ក៏អង្គការជារៀបចំឱ្យដែរ ទ្រព្យសម្បត្តិដែលពេលមាននៅពេលនោះ គឺចានមួយ ស្លាព្រាមួយ ចបមួយ បង្គីមួយ និងសម្លៀកបំពាក់ឈុតខ្មៅ ព្រមជាមួយក្រមាតែប៉ុណ្ណោះ។

របបប្រល័យពូជសាសន៍មួយនេះ បានកើតឡើងទូរទាំងប្រទេស ប្រជាជនកម្ពុជា ត្រូវទទួលរងនូវការកាប់សម្លាប់ពីក្រុមខ្មែរក្រហម ហើយបានត្រូវបានជម្លៀសចេញពីទីក្រុង និងទីប្រជុំជន កម្មសិទ្ធិត្រូវបានដកហូត គ្មានសាលរៀន គ្មានទីផ្សារ គ្មានវត្តរ៉ាម គ្មានការគោរពជំនឿសាសនា គ្មានការចាយវាយប្រាក់កាសអ្វីទាំងអស់ ប្រជាជនបានត្រូវ ប៉ុល ពត បង្ខំឱ្យធ្វើការរួម ហូបរួម តាមសហករនានា និងបង្អត់អាហារ ហូបតែបបររៀវៗ សល់តែស្បែកដណ្តប់ឆ្អឹង។ ការធ្វើទារុណកម្ម ការកាប់សម្លាប់កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានត្រាប្រណី។ល។ ក្នុងអំឡុងពេលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម បានធ្វើឱ្យប្រជាជនកម្ពុជាស្លូតត្រង់ស្លាប់ជាង ៣លាននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់ជាតិស្ទើរគ្មានសល់។

ដោយមើលឃើញការធ្វើទារុណកម្ម ការកាប់សម្លាប់កាន់តែសាហាវ និងការនិរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ និងគ្រោះថ្នាក់របស់ប្រទេសជាតិ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង២១ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ត្រូវនឹងថ្ងៃ០៥កើត ខែអាសាឋ ឆ្នាំម្សាញ់ នបស័ក ព.ស ២៥២១ ទាំងក្តីអាឡោះអាល័យដើម្បីស្វែងរកការសង្គ្រោះជាតិផ្តើមចេញពីការយកអាយុជីវិត និងសាច់ស្រស់ឈាមស្រស់ធ្វើដើមទុន និងការលះបង់ខ្ពស់បំផុតម្តងហើយម្តងទៀតរបស់បីតាស្ថាបនិកនៃសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តូរយកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រើកណ្តាប់ដៃដែករំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិត ទទួលបាននូវកំណើតទី២ គ្រប់ៗគ្នា នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំមមី ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ទិវាជ័យជម្នះ ៧ មករា ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បានចាត់ទុកថាជាថ្ងៃកំណើតទី២ របស់ខ្លួនរហូតដល់បច្ចុប្បន្ន។

កណ្តាប់ដៃដែករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង។ នៅក្នុងបុព្វហេតុតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ សម្ដេចតេជោ ហ៊ុន សែន និងក្នុងនាមជាអ្នកចាស់ទុំនយោបាយ ប្រកបដោយបទពិសោធខ្ពស់ សម្តេចតែងតែយកចិត្តទុកដាក់ក្នុងការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» បានអនុវត្តដ៏ជោគជ័យពីឆ្នាំ១៩៩៦-១៩៩៨ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។ នេះជាសន្តិភាពដែលប្រជាជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងមានឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលកម្ពុជាមានប្រទេសមួយមានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញមួយ មានព្រះមហាក្សត្រតែមួយ មានរាជរដ្ឋាភិបាលតែមួយ មានកម្លាំងប្រដាប់អាវុធតែមួយគ្មានការបែងចែក ដូច្នេះក្នុងនាមកូនខ្មែរទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសន្តិភាពនេះ ជាមួយប្រមុខរដ្ឋា ភិបាលទោះក្នុងតម្លៃណាក៏ដោយកុំឱ្យដានចាស់នៃប្រវត្តិសាស្ត្រដ៏ជូរចត់នេះកើតជាលើកទី២។

កណ្តាប់ដៃដែករបស់សម្តេចតេជោ ហ៊ុន សែន គឺកណ្តាប់ដៃដែកការពារសន្តិភាព ការពារភាពសុខសាន្តជូនប្រជាជនកម្ពុជាគ្រប់ៗរូប តែបើគ្មានកណ្តាប់ដៃដែកសម្តេចតេជោ សែន ទេ ភាពអាណាធិបតេយ្យរបស់ក្រុមជ្រុល និយមមួយចំនួន និងបង្កការភ័យដល់ប្រជាជន និងទាញប្រទេសជាតិវិលទៅរកសង្គ្រាមពេញផ្ទៃប្រទេសជាក់ជាមិនខានឡើយ។

បើទោះជាបណ្តារប្រទេសលើពិភពលោកកំពុងស្ថិតនៅក្នុងបរិបទនៃការឆ្លងរីករាលដាល ជាសកលជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងសេដ្ឋកិច្ចសកល និងការអភិវឌ្ឍយ៉ាងណាក្តី តែប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានបានឆ្លើយតបទៅនឹងវិបត្តិនេះដោយភាពស្វាហាប់ តាមរយយៈនៃការដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព បានដាក់ចេញនូវវិធានការ គាំពារលើវិស័យអត្ថិភាពសំដៅកាត់បន្ថយផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចទន្ទឹមគ្នានៃការដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងករពារជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្របតាមអភិក្រមផ្ការីក ដែលជាលទ្ធផល ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក និងលេខ១ ក្នុងតំបន់អាស៊ី ជាប្រទេសដែលបានគ្រប់គ្រងជំងឺកូវីដ១៩ បានដោះស្រាយផលប៉ះពាល់ដោយជំងឺបានយ៉ាងល្អប្រសើរ។

ភាពជោគជ័យដ៏ធំធេងនេះបានក្លាយជាកេរ្តិ៍តំណែលដ៏វិសេសវិសាលមួយក្នុងចំណោម កេរ្តិ៍ដំណែលជាច្រើនទៀតរបស់ សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ហើយនេះជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ដើម្បីការពារអាយុជីវិតប្រជាជន និងបើកដំណើការសកម្មភាពសេដ្ឋកិច្ចសង្គមពេញលេញលើគ្រប់ វិស័យតាមគន្លងប្រក្រតីភាពថ្មីប្រកបដោយការទទួលខុត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

ប្រជាជនកម្ពុជាគ្រប់រូបពិតជាមានមោទនភាព និងគោរពដឹងគុណយ៉ាងជ្រៀលជ្រៅ បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអ្វីៗគ្រប់បែបយ៉ាងដើម្បីតស៊ូរំដោះប្រជាជន និងជាតិមាតុភូមិចេញពីភ្លើងសង្គ្រាម ពីគំនរផេះផង់ ឈាមនិងទឹកភ្នែក ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបន្តពុះពារជម្នះគ្រប់ឧបសគ្គរាប់ពុំអស់តាមរយៈការការដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដើម្បីស្វែងរកសន្តិភាពពេញលេញជូនជាតិមាតុភូមិដ៏កំសត់មួយនេះដែលមិនធ្លាប់ មានឡើយក្នុងប្រវត្តិសាស្ត្រ និងសង្គមកម្ពុជាអស់រយៈពេលជាង៥០០ឆ្នាំកន្លងមកនេះ។

បន្ថែមលើនេះតំណាក់កាលនៃការរីករាលដាលសកលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បាន បន្តស្រោចស្រង់ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីមាត់ជ្រោះមរណៈជាលើកទី៣ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ហើយគុណបំណាច់ និងសមិទ្ធផលដ៏ធំធេងនេះ ពិតជាមានតម្លៃសច្ចៈធម៌ជាប្រត្តិសាស្ត្រដែលគ្មាននរណាម្នាក់ ឬអានុភាពណាមួយមកបំផ្លាញ និងមួរបង្កាច់បានឡើយ។

សន្តិភាពពិតជាជាសំខាន់សម្រាប់ជីវិតមនុស្ស និងអ្វីៗទាំងអស់ ដែលស្ថិតនៅលើផែនដីនេះ មិនមែនតែសម្រាប់តែកម្ពុជាម្នាក់ឯងទេ បើគ្មានសន្តិភាពហើយអ្វីៗក៏ត្រូវបញ្ចប់ដែរ ហើយក៏គ្មានពេលណាមួយដែលគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់នូវសមិទ្ធផលចម្បងរបស់ខ្លួនទេ ជាពិសេសថ្ងៃ៧ មករា គឺជាកំណើតទី២ សម្រាប់យើងទាំងអស់៕

ដោយអនុបណ្ឌិត រស់ សាវី!