(ភ្នំពេញ)៖ សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាពសាធារណ:របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ បានប្រឡងបញ្ចប់វគ្គសិក្សារបស់ខ្លួនហើយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាសមាជិកគណ:គ្រប់គ្រងវគ្គ បានប្រាប់ឱ្យដឹងពីកម្មវិធីប្រឡងនោះថា សិក្ខាកាម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធចំនួន១១២នាក់ បានប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន ក្រោយបានសិក្សាលើផ្នែកទ្រឹស្តី ការចុះធ្វើទស្សនកិច្ចសិក្សា ការអនុវត្តការងារជួយសង្គម និងការចែករលែកបទពិសោធន៍ការងាររបស់ថ្នាក់ដឹកនាំពីក្រសួងស្ថាប័ន អស់រយ:ពេលជិត២០០ម៉ោងរួចមក។

ក្នុងឱកាសនោះលោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកគណ:គ្រប់គ្រងវគ្គ បានថ្លែងថា ការប្រឡងបញ្ចប់ការសិក្សានេះជាការវាស់ស្ទង់ចំណេះដឹងរបស់មន្រ្តី ដែលជាសិក្ខាកាមដើម្បីបំពេញលក្ខខណ្ឌនានា របស់សាលាភូមិន្ទរដ្ឋបាល មុននឹងចេញទៅបម្រើការងារប្រកបដោយគុណភាព ប្រសិទ្ធភាពនៅតាមក្រសួង ស្ថាប័ន អង្គភាពរបស់ខ្លួនវិញ។

ក្នុងឱកាសនោះដែរ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាសមាជិកគណ:គ្រប់គ្រងវគ្គ បានថ្លែងអំណរគុណក្រសួងស្ថាប័ន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលជាសេនាធិការរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ និងកោតសរសើរសិក្ខាកាមទាំងអស់ដែលមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងនាមមិត្តរូមអាជីពបម្រើប្រជាដូចគ្នាមកជួបប្រជុំគ្នាតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ និងបំពេញលក្ខខណ្ឌនានារបស់សាលាក្រោមទិសស្លោក៖ វិន័យ គុណភាព គុណធម៌ និងនុវានុវត្តន៍។

ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានសំណូមពរដល់មន្រ្តីជាសិក្ខាកាមទាំងអស់ ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងជាមួយសត្រូវដើម្បីអនាគតកូនចៅយើងគឺគ្រឿងញៀន និងសូមយកចំណេះវិជ្ជាដែលទទួលបាន ពីសាស្រ្តាចារ្យជាថ្នាក់ដឹកនាំ នៃវគ្គសិក្សានេះទៅបម្រើការងារ ក្នុងអង្គភាពឱ្យទទួលបានជោគជ័យ និងទំនុកចិត្តពីថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន និងសូមជូនពរសិក្ខាកាមទាំងអស់ទទួលបានជោគជ័យ ទទួលបានលទ្ធផលល្អក្នុងសម័យប្រលងថ្ងៃនេះគ្រប់ៗគ្នា៕