(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យប្រើប្រាស់គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។ នេះបើតាមឯកសារគោលនយោបាយចំនួន ៩៧ទំព័រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ រៀបចំក្នុងគោលដៅកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។

គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ មានចក្ខុវិស័យដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ ក្នុងការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរ៕