(ភ្នំពេញ)៖ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីជួយសម្រួលដល់ការបន្តសិក្សារបស់និស្សិតក្រីក្រមួយចំនួន អគ្គនាយកបណ្ដាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន២០កន្លែងដល់និស្សិតក្រីក្រ សម្រាប់សិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ។

អាហារូបករណ៍ចំនួន២០កន្លែងរួមមាន៖ ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង សិក្សារយៈពេល៤ឆ្នាំ ចំណែកឯអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំង៥កន្លែង គឺសិក្សារយៈពេល២ឆ្នាំ ដែលសរុបជាទឹកប្រាក់គឺមានចំនួនសរុប៣៩,៥០០ដុល្លារអាមេរិក។

ការផ្ដល់អាហារូបករណ៍របស់លោកអគ្គនាយក Fresh News ដែលសិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិនេះ គឺដោយសារស្ថាប័នទាំងពីរ មានទំនាក់ទំនងកិច្ចសហការល្អជាមួយគ្នា មានឆន្ទៈចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកម្លាំងដ៏ចាំបាច់ក្នុងការកសាងអភិវឌ្ឍជាតិឱ្យរីកចម្រើនបន្តទៅមុខ។

សូមជម្រាបថា សាកលវិទ្យាល័យបញ្ញាជាតិ ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនតែមួយគត់ដែលបណ្ដុះបណ្ដាលនិស្សិតផ្ដោតលើចំណេះដឹង សមត្ថភាព បញ្ញា និងគុណធម៌។ និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ គឺជានិស្សិតដែលមានសមត្ថភាពគ្រប់គ្រាន់លើជំនាញច្បាស់លាស់ ព្រមទាំងទទួលបានការងារ និងមុខតំណែងល្អៗនៅតាមបណ្តាក្រសួង មន្ទីរ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា...។

ដើម្បីទទួលបានអាហាររូបករណ៍ សូមទាក់ទងកញ្ញា ថាន រស្មី Tel & Telegram: 092 322 334.