(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីវិធានដើមកំណើតទំនិញ។
លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាធ្លាប់បានសន្យាក្នុងការកសាងច្បាប់ខាងលើនេះ ដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពីវិធានដើមកំណើតទំនិញក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដើម្បីឱ្យស្របទៅតាមការអនុម័តកម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខណ្ឌ WTO ដែលក្នុងនោះ រួមមានផងដែរនូវការកសាងច្បាប់ និងបទប្បញ្ញត្តិស្តីពីវិធានដើមកំណើតទំនិញ ដែលជាភារកិច្ចរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតនេះ ក៏ជាលក្ខខណ្ឌមួយក្នុងកម្មវិធីផ្តល់កម្ចីផ្អែកលើគោលនយោបាយ ដែលអនុវត្តដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank)។ ម្យ៉ាងវិញទៀត សេចក្តីព្រាងច្បាប់នេះ ក៏បានរំលេចនៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបដាក់ប្រកាសអនុវត្តជាផ្លូវការកាលពីពេលថ្មីៗនេះផងដែរ។
លោក ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានធ្វើបទបង្ហាញសង្ខេបស្ដីពីវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីដើមកំណើតទំនិញ ដែលរួមមានដូចជា គោលបំណង យុត្តិកម្ម ភាពចាំបាច់ អត្ថប្រយោជន៍ សាវតា និងដំណើរការប្រព្រឹត្តទៅនៃការរៀបចំតាក់តែងសេចក្ដីព្រាងនេះ។
ជាមួយនឹងការផ្តល់ធាតុចូល និងមតិយោបល់របស់រដ្ឋលេខាធិការក្រសួងនោះ លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមការងាររៀបចំ និងស្រង់យកចំណុចល្អៗ ដើម្បីប្រមូលចងក្រងដាក់ក្នុងសេចក្តីព្រាងច្បាប់នេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព អនុលោមភាព ទៅតាមកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងជាទឡ្ហីករណ៍ដ៏រឹងមាំ ក្នុងការការពារសេចក្ដីព្រាងច្បាប់នេះ។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកទឹកចិត្ត និងកោតសរសើរចំពោះក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីវិធានដើមកំណើតទំនិញ ក៏ដូចជាថ្នាក់ដឹកនាំ និងក្រុមការងារអន្តរក្រសួង មន្ត្រីជំនាញការ WTO និង UNCTAD ដែលបានផ្តល់មតិយោបល់ ធាតុចូល និងបទពិសោធន៍ ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ៕