(សេអ៊ូល, កូរ៉េខាងត្បូង)៖ ឆ្នាំ២០២២នេះ គឺជារយៈពេល ២៥ឆ្នាំហើយដែលកម្ពុជា និងកូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងជាផ្លូវការនឹងគ្នា។ លោក Park Byeong-Seung ប្រធានសភាកូរ៉េខាងត្បូង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការពេញចិត្ត និងរីករាយជាខ្លាំងចំពោះភាពល្អប្រសើរនៃទំនាក់ទំនងប្រទេសទាំងពីរនាពេលកន្លងមកនេះ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Park Byeong-Seung បានមានប្រសាសន៍ទៅកាន់សម្តេចតេជោ ហ៊ុន សែន ថា សម្តេចតេជោ គឺជាតួអង្គដែលបានចូលរួមចំណែកដ៏សំខាន់សម្រាប់ការបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍លោក Park Byeong-Seung មកបញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងដំណើរការនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាបានចូលរួមយ៉ាងសំខាន់ ដោយមានឆន្ទៈខ្ពស់ និងការប្តេជ្ញាចិត្តខ្លាំង ជាហេតុធ្វើឱ្យទំនាក់ទំនងទ្វេភាគីបង្កើតឡើងក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ»

នៅក្នុងជំនួបនេះទាំង លោក Park Byeong-Seung និងសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ដូចជាកំណើនពាណិជ្ជកម្ម និងវិនិយោគ, ការផ្តល់ការងារសម្រាប់ពលករខ្មែរ, ស្ត្រីខ្មែរជាង ៨ពាន់នាក់ បានរៀបការជាមួយបុរសកូរ៉េ។ បន្ថែមពីលើនោះកូរ៉េខាងត្បូង បានផ្តល់នូវជំនួយ និងកម្ចីជាច្រើនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោ និង លោក Park Byeong-Seung បានបង្ហាញបំណងចង់ឱ្យរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួប២៥នៃទំនាក់ទំនងប្រទេសទាំងពីរ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កូរ៉េខាងត្បូង ដែលនៅតែបន្តការហោះហើរត្រង់ជាមួយកម្ពុជា បើទោះបីស្ថិតក្នុងវិបត្តិរាតត្បាតជំងឺកូវីដ១៩។ សម្រាប់សម្តេចតេជោ ការរក្សាជើងហោះហើរនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ការផ្លាស់ប្តូរដំណើររវាងប្រជាពលរដ្ឋ និងអ្នកធ្វើធុរកិច្ចនៃប្រទេសទាំងពីរ។ បន្ថែមពីលើនោះ ជើងហោះហើរនេះ ក៏ជួយឱ្យប្រជាពលរដ្ឋខ្មែរមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងអាមេរិកជាដើម អាចធ្វើដំណើរមកកាន់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូង ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគេ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ក៏បានស្នើទៅប្រធានសភាកូរ៉េខាងត្បូង ឱ្យពិចារណាជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគរបស់កូរ៉េខាងត្បូងបន្តវិនិយោគនៅកម្ពុជា ឬអាចពិចារណាពង្រីកពីការវិនិយោគដែលកំពុងធ្វើនៅថៃ និងវៀតណាម ចូលទៅកាន់ប្រទេសកម្ពុជា។

លោក Park Byeong-Seung ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំសន្តិភាពពិភពលោក ដើម្បីស្វះស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ លោក Park Byeong-Seung ចាត់ទុកវត្តមានរបស់សម្តេចតេជោ គឺជាការបង្ហាញឱ្យនូវកិច្ចប្រឹងប្រែងមួយក្នុងការស្វះស្វែងរកសុខសន្តិភាពជូនឧបទ្វីបកូរ៉េ។

ក្នុងជំនួបនេះ លោក Park Byeong-Seung ក៏បានប្រកាសគាំទ្រកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ហើយក៏បានគាំទ្រសម្រាប់កិច្ចប្រឹងប្រែងរបស់កម្ពុជា ជាពិសេសសម្តេចតេជោ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយឈរលើគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន។

ចុងក្រោយនេះជំនួបសម្តេតេជោ ហ៊ុន សែន ជួសមុខឱ្យប្រធានព្រឹទ្ធសភា និងរដ្ឋសភា បានអញ្ជើញ លោក Park Byeong-Seung មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕