(ភ្នំពេញ)៖ កាលពីថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលកម្លាំងកំពុងជិះល្បាតតាមផ្លូវ៦០ម៉ែត្រ បានឃើញក្រុមជនសង្ស័យ ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួន។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជប់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែកុម្ភៈនេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ចំណែកជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរ ធាក់ផ្តួលប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ប្រព្រឹត្តនៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៤នាក់រួមមានទី១៖ ឈ្មោះ ទូច អេនថូនី ភេទប្រុស, ទី២៖ ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស, ទី៣៖ ឈ្មោះ គ្រីស ឈិត វិសាល, និងទី៤៖ ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IR-7215 ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕