(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ ដឹកនាំគណប្រតិភូ អញ្ជើញចុះដាំដើមឈើ ចំនួន១៥០ដើម នៅបរិវេណវិហារឥស្លាមគីឡូម៉ែត្រ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល គណៈកម្មការភូមិ និង សិស្សានុសិស្សជាច្រើនទៀត។

ថ្លែងក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញ និងលោកស្រី ជូនចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការចូលរួមអភិរក្សថែរក្សាដើមឈើ និងបន្តជួយគ្នាដាំដើមឈើបន្ថែមទៀត ព្រោះដើមឈើទាំងនេះហើយដែលជាប្រភពផ្តល់អុកស៊ីសែន សម្រាប់ជីវិតរស់នៅរបស់យើងគ្រប់រូប ដែលនឹងផ្តល់ផលពេញលេញនៅរយៈពេល២០ឆ្នាំ បន្ទាប់ដែលអាចទាញយកផលទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

ជាមួយគ្នានោះ លោកក៏បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាព ដើម្បីទទួលបានឪកាសការងារល្អៗ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ លោក ក៏បានថ្លែងអំណរអរគុណដល់ លោក សាយ សំអាល់ ដែលបានផ្ដល់ជាដើមឈើសម្រាប់ការដាំដុះ ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីថែរក្សាបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមថែរទាំប្រព័ន្ធអេកូឡូជីពិភពលោកផងដែរ។

ក្នុងកម្មវិធីនោះផងដែរ លោក ងួន សែប អគ្គនាយករង ក្រសួងបរិស្ថាន ក៏បានចែករំលែកបទពិសោធន៍ទាក់ទង និងនីតិវិធី នៃការដាំដើមឈើ ដើម្បីឲ្យការដាំដើមឈើនេះ ប្រកបដោយគុណភាព និង តរឹមត្រូវតាមស្តង់ដារផងដែរ។

គួរបញ្ជាក់ផងដែរថា ដើមឈើដែលដាំទាំងនោះមានដូចជា ដើមក្រញូង៤០ដើម, បេង៣០ដើម, ធ្នង់៣០ដើម, នាងនួន២០ដើម, គគី១៩ដើម និងឈើទាល១៩ដើម ដែលសុទ្ធតែជាប្រភេទឈើប្រណិត និងឈើប្រភេទលេខ១ នៅកម្ពុជា ដែលបានឧបត្ថម្ភ ដោយក្រសួងបរិស្ថាន តាមរយៈលោក សេន ណាសុី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

ជាចុងបញ្ចប់ នៃកម្មវិធី លោក រ៉ូហ្វី អូស្មាន បានឧបត្ថម្ភថវិកាចំនួន ៨៦០,០០០រៀល ដល់យុវជន សយមក ផងដែរ៕