(ភ្នំពេញ)៖ លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយ អព្យាក្រឹតកាបូននៅកម្ពុជា រំពឹងថានឹងជួយជំរុញកំណើន ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ជាតិបានជិត៣% និងអាចបង្កើតការងារបៃតងបន្ថែមចំនួន ៤៤៩,០០០កន្លែង។

ក្នុងឆ្នាំ២០២០ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ៧២ផ្សេងទៀត ដែលបានដាក់ជូនរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Updated NDC) ទាន់ពេលវេលា។ សម្ព័ន្ធភាពសុខភាព និងអាកាសធាតុសកលបានដាក់ចំណាត់ថ្នាក់ Updated NDC របស់កម្ពុជា ក្នុងចំណោមប្រទេសដែល មានចំណាត់ថ្នាក់ល្អបំផុតដទៃទៀត សម្រាប់ការផ្សារភ្ជាប់យ៉ាងច្រើនរវាងការប្រែប្រួលអាកាសធាតុ និងសុខភាពរួមបញ្ចូលទាំងព័ត៌មាន លម្អិតស្តីពី ការចំណាយផ្នែកហិរញ្ញវត្ថុ និងផលចំណេញត្រលប់មកវិញលើវិធានការបន្ស៊ាំ និងការកាត់បន្ថយជាមួយនឹងផលប៉ះពាល់លើសុខភាព។

លោករដ្ឋមន្ត្រីបានបន្តថា កំណែទម្រង់វិស័យព្រៃឈើការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យដឹកជញ្ជូន និងការជំរុញការផលិតដំណាំកសិផល និងទំនិញបញ្ចេញកាបូនទាបនឹងនាំទៅរកការរីកចម្រើនសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពជាងមុនសម្រាប់ទាំងអស់គ្នា។

ក្នុងពិធីដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ លោក សាយ សំអាល់ បានបង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា៖ «សកម្មភាពស្នើឡើងត្រូវបានរំពឹងថានឹង ផ្តល់អត្ថប្រយោជន៍បន្ថែមប្រមាណ ២,៨% ទៅក្នុងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំនៅឆ្នាំ២០៥០ និងបង្កើត ការងារបៃតងបន្ថែមចំនួន ៤៤៩,០០០កន្លែង។ សកម្មភាពទាំងនេះនឹងផ្តល់ជាអត្ថប្រយោជន៍រួមផងដែរ រួមទាំងភាពប្រសើរឡើងនៃសុខភាពពីការកាត់បន្ថយការបំពុល»

ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនឹងផ្តល់ជាអត្ថប្រយោជន៍ដូចជា៖ ការទទួលបានទឹកប្រើប្រាស់កាលានុវត្តភាព អេកូទេសចរណ៍ ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ អត្ថប្រយោជន៍រួមទាំងនេះមានតម្លៃប្រមាណ ៦,២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០៥០។ នេះជាបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី សាយ សំអាល់។
នាកាសនោះដែរ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា ក្នុងប្រទេសកម្ពុជា ផែនទីបង្ហាញផ្លូវដំបូង ត្រូវបាន កំណត់ក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលផ្តោតសំខាន់លើការកសាងភាពធន់ និងសេដ្ឋកិច្ចបៃតង។ នៅក្នុងកម្រិតតំបន់ស្របពេលដែលកម្ពុជា ជាប្រធានអាស៊ាន ការប្រែប្រួលអាកាសធាតុ ជាបញ្ហាសំខាន់មួយក្នុងចំណោមរបៀបវារៈ សម្រាប់សមាជិកអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន។ កម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការងារប្រែប្រួលអាកាសធាតុ ហើយកម្ពុជានឹងជំរុញការងារប្រែប្រួលអាកាសធាតុនៅកម្រិតអាស៊ានផងដែរ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបានគូសបញ្ជាក់បន្ថែមថា៖ «នៅកម្រិតសកលទោះបីជាកិច្ចខិតខំប្រឹងប្រែងលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស កំពុងតែត្រូវបានធ្វើដោយប្រទេសនៅលើពិភពលោក ក្រោយ COP26 ខ្ញុំយល់ថាល្បឿននៃកិច្ចខិតខំប្រឹងប្រែងលើសកម្មភាពអាកាសធាតុកំពុងកើនឡើង»

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «កំណែទម្រង់វិស័យព្រៃឈើការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យដឹកជញ្ជូន និងការជំរុញការផលិតដំណាំកសិផល និងទំនិញបញ្ចេញកាបូនទាបនឹងនាំទៅរកការរីកចម្រើនសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពជាងមុនសម្រាប់ទាំងអស់គ្នា»។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្ដើមឆ្នាំថ្មីជាប្រជាជាតិដំបូងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញនូវផែនការដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕