(ព្រះសីហនុ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានស្វះស្វែង និងអំពាវនាវឱ្យថ្នាក់ដឹកនាំរបស់ខ្លួននៅតាមបណ្តាខេត្តត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។

ការអំពាវនាវនេះរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើឡើងនៅក្នុងពិធីយាងសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ជារចនាសម្ព័ន្ធ នៅក្នុងស្រុកព្រៃនប់ និងនៅទីស្នាក់ការក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់ក៏បានថ្លែងនូវការកោតសរសើរ ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់សហជីវិន សហជីវិនី ដែលបានចូលរួមយ៉ាងសកម្មជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងបានដង្ហែតាមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជារៀងរហូតមក។ នៅចំពោះមុខសមាជិក សមាជិកា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញានឹងការពារគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្សជាអមតៈ។

នាឱកាសនោះដែរ ព្រះអង្គក៏បានបន្តអំពាវនាវឱ្យថ្នាក់ដឹកនាំក្នុងខេត្ត ត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច បានជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងបានសម្រេចជ្រើសតាំងអនុប្រធានចំនួន ៣រូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ លោក ពៅ អេងគ្រី។

ក្រៅពីការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ សមាជវិសាមញ្ញក៏បានធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិក:គណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស គឺដើម្បីត្រៀមរៀបចំខ្លួនក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និង បោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខនេះ៕