(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំឲ្យមន្ត្រីទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានប្រសើរឡើង ដើម្បីលើកកម្ពស់គុណតម្លៃស្ថាប័ន។

សារណែនាំរបស់អភិបាលខេត្តកំពង់ធំ ធ្វើឡើងក្នុងឱកាសប្រកាសចូលកាន់តំណែង លោក ថូ គឹមស៊ន ជាអភិបាលរងស្រុកស្ទោង នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សា លោកមេឃុំ និងមន្ត្រីរាជការនៅក្នុងស្រុកស្ទោង។

លោក ងួន រតនៈ បានបន្តថា ភាពរីកចម្រើនរបស់ស្រុកលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក៏បានរីកដុះដាល និងធ្វើការទំនាក់ទំនងបានល្អ ជាមួយអង្គការដៃគូសប្បុរសជននានាដើម្បីលើកស្ទួយជីវភាពដល់ពួកគាត់បន្ថែមទៀត ពិសេសបានផ្សព្វផ្សាយពីវិធានការការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមឲ្យប្រជាពលរដ្ឋមួយចំនួនអញ្ជើញមកចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា។

លោកក៏បានបន្តទៀតថា អ្នកដឹកនាំត្រូវមានមនសិកា ឆន្ទៈប្រសិទ្ធភាពខ្ពស់ លើកកម្ពស់ថែរក្សាបានល្អ នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈធ្វើការទប់ស្កាត់បទល្មើសជាច្រើន ក្នុងនោះការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព គឺជាកត្តាចម្បងសម្រាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ពិសេសមួយទៀត គឺសុវត្ថិភាពផ្សេងៗ សូមចូលរួមការពារ និងថែរក្សាឲ្យបានល្អសហការជាមួយអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចទាំងអស់ចូលរួមទប់ស្កាត់កុំឲ្យបញ្ហាកើតឡើងដល់ប្រជាពលរដ្ឋ។

ចុងក្រោយលោកក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ ត្រូវតែសហការគ្នាគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសផុតពីការគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតដោយចុះផ្សព្វផ្សាយ និងអនុវត្តបន្ថែមពីការទប់ស្កាត់ នៃការរុករានព្រៃកាប់ឆ្ការព្រៃនៅតំបន់បី ដែលជាតំបន់ហាមឃាត់ត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីការពារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោក ថូ គឹមស៊ន ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកស្ទោងថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងបង្កើនសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព ឲ្យបានប្រសើរឡើងដើម្បីលើកកម្ពស់គុណតម្លៃស្ថាប័ននេះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជារបស់ថ្នាក់លើ។ បង្កើនភាពទំនាក់ទំនងបន្ថែមជាមួយអង្គការដៃគូ ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការអភិវឌ្ឍស្រុកស្ទោង ឲ្យមានការរីកចម្រើនបន្ថែមទៀត៕