(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅតំបន់អារ៉ែង ក្នុងឃុំថ្មដូនពៅ ដែលតភ្ជាប់ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានបង្ហាញក្តីសប្បាយរីករាយ បន្ទាប់ពីអាជ្ញាធរស្រុក បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមចំនួន១ខ្សែ ចម្ងាយ៤០គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។

ការស្ថាបនាផ្លូវគ្រួសក្រហមនេះ បានធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក, លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងមន្ត្រីក្រោមឱវាទ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំង២ឃុំផងដែរ។

ឧត្តមនាវីឯក ទៀ សុខា បានឱ្យដឹងថា ប្រទេសជាតិមានសន្តិភាពមានសេរីភាពមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនេះ គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចមិនគិតពីភាពនឿយហត់អ្វីឡើយ ហើយកក្តាសំខាន់សម្តេចរិះរកការអភិវឌ្ឍន៍ប្រទេសជាតិ និងផ្តល់សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សំខាន់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ឧត្តមនាវីឯក ទៀ សុខា បានបន្តថា អ្វីដែលសំខាន់ គឺសម្តេចតែងតែយកការទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់មូលដ្ឋានជានិច្ច ទីណាមានប្រជាពលរដ្ឋរស់នៅទីនោះមានផ្លូវ ទឹក ភ្លើង និងមណ្ឌលសុខភាពដល់ទីនោះជានិច្ច។

លោក អន សុធារិទ្ធិ បានលើកឡើងថា «ផ្លូវក្រាលគ្រួសក្រហមទទឹង៤ម៉ែត្រ ចម្ងាយ៤០គីឡូម៉ែត្រនេះ ទំរាំបានផ្លូវងាយស្រួលធ្វើដំណើរជូនប្រជាពលរដ្ឋទាំង២ឃុំខាងលើ អាជ្ញាធរពាក់ព័ន្ធប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើន និងធ្វើការសម្របសម្រួលជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចំពោះការធ្វើផ្លូវ ជូនប្រជាពលរដ្ឋទាំង២ឃុំ បានធ្វើដំណើរឆ្លងកាត់»

លោកអភិបាលស្រុក បានបន្តថា ទោះជាយ៉ាងណាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានខិតខំប្រែងធ្វើផ្លូវខាងលើបានជោគជ័យ ក្នុងន័យសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋ ទាក់ទាញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមូលដ្ឋាន និងវិស័យទេសចរណ៍ ដើម្បីរកចំណូលដើម្បីគ្រួសារ និងកាត់បន្ថយការចំណាយថវិកាធ្វើដំណើររយៈពេលពេញ១ថ្ងៃមកត្រឹមរយៈពេល១ ឬ២ម៉ោងតែប៉ុណ្ណោះ ហើយអាជ្ញាធរស្រុកថ្មបាំង ខិតខំបំពេញក្តីបំណងប្រាថ្នាជូនប្រជាពលរដ្ឋរស់នៅតំបន់អារ៉ែង និងអ្នកនៅឃុំជីផាត តាមរយៈស្ថាបនាបន្ថែមទៀត នៅទីណាដែលខ្វះខាត និងស្ថាបនាបន្ថែម។

គួរជម្រាបបញ្ជាក់ អាជ្ញាធរស្រុកថ្មបាំង បានចាប់ដៃសហការជាមួយអាជ្ញាធរឃុំថ្មដូនពៅ និងឃុំជីផាត ទម្លាក់កញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ផ្លូវលំក្រាលគ្រួសក្រហម ដើម្បីឱ្យផ្លូវមានគុណភាពបម្រើដល់ការធ្វើដំណើរ អាជ្ញាធរស្រុកថ្មបាំង និងឃុំជីផាត ឃុំថ្មដូនពៅ នឹងបន្តពិនិត្យអភិវឌ្ឍន៍បន្ថែមលើការកសាងផ្លូវបេតុងត្រង់ចំណុចដែលចំណោទចុះខ្លាំង ដាក់ប្រព័ន្ធលូចំណុចមុខទឹកហូរកាត់បុកច្រើនកន្លែង។

ទន្ទឹងនេះប្រជាពលរដ្ឋទាំង២ឃុំបា នសម្តែងការត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីដែលបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរស់នៅតាមតំបន់ដាច់ស្រយាលនៅតាមមូលដ្ឋាននានា ដែលបានស្ថាបនាផ្លូវធ្វើដំណើរពីភាពលំបាករហូតភាពងាយស្រួលក្នុងការកាត់បន្ថយទាំងពេលវេលាទាំងថវិកា ក្នុងធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ហើយថែមទាំងអាចរកចំណូលបានបន្ថែមទៀ តក្នុងផ្នែកវិស័យទេសចរណ៍ផងដែរ៕