(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារវត្តបុទមរ័ត្នមានជ័យ (ហៅវត្តឥស្សីប្រាំបីទិស) និងសមិទ្ធផលមួយចំនួនទៀត ស្ថិតក្នុងភូមិច្រភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ។

ក្នុងការសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្តបានលើកឡើងថា ផ្លូវបេតុងប្រវែង១៧០ម៉ែត្រ, រូបបដិមាបរិនិព្វាន១ព្រះអង្គ និងក្លោងទ្វារវត្តថ្មីស្រឡាងនេះ ជាសមត្ថិផលរបស់សប្បុរសជន និងប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ចំណុះជើងវត្តបុទមរ័ត្នមានជ័យ (ហៅវត្តឥស្សីប្រាំបីទិស) នេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗទៀត ក្នុងប្រទេសកម្ពុជាយើង មានការរីកចម្រើនជាលំដាប់ ដោយសារកត្តាសុខសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

កត្តាសុខសន្តិភាពនេះដែរ បានធ្វើឲ្យប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទាន ជួបជុំគ្នាសប្បាយរីករាយ ដោយសារប្រទេសគ្មានសង្រ្គាម មានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ បង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទាន បង្កើនជីវភាពគ្រួសារ តាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ៕