(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីមន្ទីរអង្គភាពជំនាញ មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍នោះ ជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណជា ៣២លានដុលា្លរ ដែលមានស្រុកចំនួនពីរទទួលផលក្នុងនោះរួមមាន៖ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាន២ឃុំ ស្មើនឹង ៥ភូមិ។

មន្ត្រីដដែលបានបញ្ជាក់ថា ទំហំការងារនៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ មានដូចជា៖ ប្រឡាយមេ ចំនួន១២ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុប ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩គីឡូម៉ែត្រ និងប្រឡាយដី ប្រវែង ៧៨.១៧គីឡូម៉ែត្រ សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដំណើរការដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១កន្លែង និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ៨,០០០ហិចតា និងរដូវប្រាំង ប្រមាណ ៨,០០០ហិចតាផងដែរ។

បច្ចុប្បន្ន សកម្មភាពនៃការងារអនុវត្តគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍នេះដែរ ត្រូវបានកំពុងអនុវត្តនៅក្នុងភូមិសាស្រ្តឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោង ដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ ៧៥% ប៉ុណ្ណោះ៕