(ត្បូងឃ្មុំ)៖ សុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាសព្វថ្ងៃ បានធ្វើឲ្យជីវភាពប្រជាជនមានភាពប្រសើរឡើងជាលំដាប់ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ តែយ៉ាងណាក្រោមការដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជីវភាពរស់នៅរបស់ប្រជាជនដែលងាយរងផលប៉ះពាល់ ពិសេសលើសុខមាលភាពទូទៅដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន ឬជំនឿសាសនាឡើយ ដោយសម្តេចតេជោ បានជំរុញឲ្យមានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនប្រជាជនចាប់ពីអាយុ៣ឆ្នាំឡើង ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩។

នេះជាការលើកឡើងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក វង សូត បានថ្លែងថា «ដូចបងប្អូនប្រជាពលរដ្ឋបានដឹង និងឃើញស្រាប់ហើយថា សម្តេចតេជោ បានគិតគួយ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រកបរបររកស៊ីប្រចាំថ្ងៃ ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយសម្តេចបានចំណាយថវិកាយ៉ាងច្រើនទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ ខណៈមនុស្សពេញវ័យមួយចំនួនធំ បានចាក់ដល់ដូសជំរុញលើកទី៤ ហើយដែរ»

លោកបានបន្តថា វាជារឿងល្អ និងត្រឹមត្រូវបំផុត ដែលបងប្អូនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ ដើម្បីរួមគ្នា ថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍជាមួយរាជរដ្ឋាបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោជាប្រមុខ។ ដូច្នេះ សម្រាប់អាណត្តិថ្មីខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងមានអ្នកគាំទ្រច្រេីន ខណៈសមាជិកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បម្រើសេវាសាធារណៈជូនពរដ្ឋឲ្យបានល្អប្រសេីរ និងឈានដល់យកជ័យលាភីឈ្នះនៅថ្ងៃបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអាណត្តិទី៥ ឆ្នាំ២០២២-២០២៧។

សូមជម្រាបថា ក្នុងពិធីបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឃុំក្រែក មានចំនួន១,២២៧នាក់ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧៧៦នាក់, គណបក្សហ្វុនស៉ីនប៉ិច ចំនួន១៥នាក់ និងយុវជនទេីបគ្រប់អាយុ៤៣៦នាក់ផងដែរ៕