(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងប្រធានក្រុមការងារចុះជួយឃុំពពេល បានអញើញជួបសំណេះសំណាលជាមួយបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ រួមនឹងសមាជិកសមាជិកសមាជិកាគណបក្សនៅមូលដ្ឋានក្នុងឃុំពពេល នាព្រឹកថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សឃុំពពេល។ បន្ទាប់មកលោកបាននាំយក អំណោយជាអង្ករនិងសម្ភារៈប្រើប្រាស់មួយចំនួន ចែកជូនពលរដ្ឋក្រីក្របន្តទៀត។

នៅក្នងឱកាសប្រជុំជាមួយក្រុមការងារ លោក កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសមាជិកសមាជិកាគណបក្សដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មភាពនៅមូលដ្ឋាន បម្រើសសេវាសាធារណជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ នាពេលកន្លងមក បានផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ នៅគ្រប់ពេលវេលា។

លោកបានជំរុញនិងលើកទឹកចិត្តដល់ក្រុមការងារទំាងអស់ ពិសេសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំទំាងពេញសិទ្ធិនិងបម្រុង ត្រូវមានសាមគ្គីភាពនឹងគ្នា ចែករំលែកបទពិសោធន៍ សហការគ្នាឲ្យបានល្អ ដោយកម្ដល់ផលប្រយោជន៍ពលរដ្ឋនិងមូលដ្ឋានជាធំដើម្បីដណ្តើមបាននូវការជឿទុកចិត្ត ពីសំណាក់ពលរដ្ឋ ធ្វើឲ្យគណបក្សទទួលបានជ័យជំនះបន្តទៀតនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

លោក កែវ ពិសិដ្ឋ បានដាក់ចេញនូវផែនការការងារមួយចំនួនសម្រាប់អនុវត្តបន្តចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតនិងក្រោយពេលបោះឆ្នោត និងបានប្រគល់ឯកសណ្ឋានប្រជាការពារចំនួន៩៣កំប្លេ និងវិទ្យុទាក់ទង៥៣គ្រឿងនិងថវិកា២ម៉ឺនរៀល ចែកជូនប្រជាការពារឃុំសម្រាប់ប្រើប្រាស់ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បម្រើផ្តល់សេវាសន្តិសុខជូនពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ដោយឡែកនៅក្នុងឱកាសនោះដែរលោកបាននាំយកអំណោយ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ចែកជូនពលរដ្ឋក្រីក្រចំនួន៥០គ្រួសារនៅក្នុងភូមិស្រះ ក្នុងឃុំពពេល ស្រុកពញាក្រែក ដោយក្នុងមួយគ្រួសារអង្ករទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេះ ប្រេងឆា ១ដបធំ សារុង១ ថវិកា ២ម៉ឺនរៀល និង ប្រគេនវត្តស្រះ ទឹកក្រូច ៥កេះទឹកសុទ្ធ ៥កេះ អង្ករ ១០០គីឡូក្រាមបច្ច័យ ២លានរៀល។

លោកបានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគនបក្សថ្នាក់កណ្តាល ជម្រាបជូនពលរដ្ឋផងដែរ ដោយបាន គូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ តែងតែគិតគូរពីសុខទុក្ខ ជីវភាពពលរដ្ឋនៅគ្រប់កាលៈទេសៈ។

លោកបាន សំណូមពរប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ជុជា សម្រាប់ការបោះ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និង ការបោះឆ្នោតជនរើសតាំងតំណាងរាស្រ្តនិតិកាលទី៧ នាពេលខាងមុខ ដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត ទាំងនៅមូលដ្ឋានឃុំពពេលផ្ទាល់និងប្រទេសជាតិទាំងមួល ហើយប្រទេសជាតិបន្តមានសុខសន្តិភាពជារហូតតទៅ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យបន្តអនុវត្តវិធានការសុខាភិបាល ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វេសប្រហែសឡើយពីព្រោះថាទំាងសកលោកនិងកម្ពុជា នៅតែប្រឈមនឹងជំងឺដ៍កាចសាហាវនេះនៅឡើយ៕