(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានយុវជនបង្គោលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសបញ្ជូលយុវជនចំនួន៧៩៦នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំចំនួន៦នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានរៀបចំឡើងនៅពីរទីតាំងផ្សេងគ្នា ដែលទីតាំងទី១ រៀបចំឡើងនៅទីស្នាក់ការបក្សឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ដែលមានយុវជនបក្សមកពីឃុំព្រែកតាកូវ, ឃុំស្វាយជ្រំ, ឃុំព្រែកលួង និងឃុំកោះឧកញ៉ាតី សរុបចំនួន៣៥៥នាក់ និងទីតាំងទី២ រៀបចំនៅទីស្នាក់ការបក្សស្រុកខ្សាច់កណ្តាល ដែលមានយុវជនមកពីឃុំព្រែកតាមាក់ ឃុំព្រែកអំពិល និងឃុំព្រែកអំពិល សរុបចំនួន៤៤១នាក់។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សជូនដល់សមាជិក សមាជិការថ្មីរបស់គណបក្ស ដែលបានចូលរួមក្នុងពិធីនៅថ្ងៃនេះ។

លោកបណ្ឌិតបានលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវែ និងប៉ិនប្រាព្វរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានយកឈ្នះ និងគ្រប់គ្រងសមរភូមិជំងឺកូវីដ១៩ ដោយជោគជ័យ តាមរយៈការស្វះស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរហូតមកដល់ពេលនេះ អត្រាចាក់វ៉ាក់សំាងប្រឆាំងកូវីដ១៩ ច្រើនជាង៩០%។ អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យកម្ពុជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ លំនឹងអាជីវកម្ម និងអាចចាប់ផ្តើមឡើងវិញនូវដំណើការសេដ្ឋកិច្ច និងជីវភាពធម្មតាក្នុងគន្លងថ្មី។

លោកថ្លែងអំពីគុណតម្លៃនៃសុខសន្តិភាពរបស់កម្ពុជា ដែលរកបានដោយគណបក្សប្រជាជនកម្ពុជា ហើយបានការការពារបូរណភាពដែនដី និងរក្សាសុខសន្តិភាព ជូនប្រជាជនកម្ពុជា ដើម្បីបន្តនូវការរីកចម្រើនថែមទៀត។

លោកបានលើកឡើងថា យុវជនជាសរសរស្តម្ភនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ ហើយមានមោទនភាព ដែលទទួលបាននូវសមាជិកយុវជនថ្មី និងបន្តបន្ទាប់ទៀត ដែលជាទំពាំងស្នងឬស្សី ដែលមានគុណវុឌ្ឍិប្រកបដោយកត្តញូតាធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ។

លោកបាន អរគុណចំពោះការចូលរួមរបស់យុវជន និងដែលមានជំនឿ និងទំនុកចិត្ត ចំពោះការដឹកនាំ និងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

លោកបណ្ឌិត កៅ ថាច បានឧបត្ថម្ភនូវថវិកាជូនដល់គណបក្សឃុំក្នុងរៀបចំកម្មវិធី និងឧបត្ថម្ភជូនដល់ប្អូនយុវជន ដែលទើបប្រកាសបញ្ជូលថ្មីផងដែរ៕