(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថាគ្រប់ពេលដែលប្រទេសជួបការលំបាកមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅជាមួយប្រជាជនជានិច្ច។

ការថ្លែងបែបនេះ របស់លោកស្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ និងសំណេះសំណាលជាមួយមន្ត្រីចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកស្រីបានបន្តថា ចំពេលដែលប្រទេសកម្ពុជា កំពុងទទួលបានការកោតសរសើរខ្លាំងចំពោះការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។ ក្នុងដំណាក់កាលនៃការលំបាកបែបនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា តែងតែនៅកៀក ប្រជាពលរដ្ឋស្គាល់ទុក្ខគ្រប់កាលៈទេសៈទាំងអស់។

លោកស្រី ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការក្រុមការងារទាំងអស់ដែលបានចុះជួយប្រជាពលរដ្ឋ ពេលមានខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ឬផលលំបាកនានា មិនថាយប់ ឬថ្ងៃ ឬជនរងគ្រោះមាននិន្នាការនយោបាយខាងណាក៏ដោយ សកម្មភាពនៃការលះបង់របស់មន្ត្រីរាជការដែលជាសមាជិកបក្សទាំងអស់គ្នាពិតជាហត់នឿយណាស់ ម្យ៉ាងត្រូវប្រឈមមុខជាមួយហានិភ័យផង ម្យ៉ាងត្រូវប្រឈមជាមួយបញ្ហានានាជាច្រើនផ្សេងៗទៀតដែលជួបប្រទះផងទាំងបញ្ហាផ្ទាល់ខ្លួន និងទំនួលខុសត្រូវដទៃទៀតផង តែមន្រ្តីមូលដ្ឋាននៅតែបន្តពុះពារបំពេញការងារឱ្យសម្រេចបានប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកស្រី បានបន្តទៀតថា សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រកាន់យកគោលការណ៍ «រក្សាចាស់ បង្កើតថ្មី» សូមរក្សាសមាជិកបក្សចាស់ឱ្យបានល្អ បន្តគៀងគរ ពង្រឹង ពង្រីកសមាជិកថ្មី និងសមាជិកមកពីគណបក្សផ្សេងៗ ឱ្យមករួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា បន្តកសាងនូវអំពើល្អ និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានាប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

បន្ថែមពីនេះ លោកស្រី ឃួន ឃុនឌី ក៏បានអំពាវនាវឱ្យចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕