(ព្រៃវែង)៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសហការជាមួយវិទ្យាស្ថានក្រុងអង្គរ សាខាខេត្តព្រៃវែង រៀបចំពិធីអប់រំទស្សនទានព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកក្នុងការអប់រំដល់វិស័យអប់រំដល់សិស្ស និស្សិត នៅក្នុងវិទ្យាស្ថានក្រុងអង្គរ។

កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាពលោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជានាយកសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ រួមទាំងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត ចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះលោក ហេង សារ៉េន ដែលជានាយកសាខានៃវិទ្យាស្ថានក្រុងអង្គរ ប្រចាំខេត្តព្រៃវែងថា វិទ្យាស្ថានក្រុងអង្គរ សព្វថ្ងៃនេះ បាននឹងកំពុងដំណើរការបង្រៀនដល់សិស្សនិស្សិតចំនួន២ទីតាំង ដោយទីតាំងទី១ គឺនៅខេត្តកំពង់ធំ ដែលជាទីតាំងគោក ទីតាំងទី២ គឺនៅខេត្តព្រៃវែង ដែលសព្វថ្ងៃនេះវិទ្យាស្ថានក្រុងអង្គរ បាននឹងកំពុងបង្រៀនលើផ្នែកមុខជំនាញជាច្រើនដែលមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មានបង្រៀនទៅលើផ្នែកមាន៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ គ្រប់គ្រងទីផ្សារ គណនេយ្យ គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច នីតិសាធារណៈ នីតិឯកជន អភិវឌ្ឍសេដ្ឋកិច្ច, ធនាគា និងហិរញ្ញវត្ថុ មហាវិទ្យាល័យវិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា គណិតវិទ្យា រូបវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ មហាវិទ្យាល័យអប់រំសិល្បៈ និងភាសា អក្សរសាស្ត្រខ្មែរ, ការអប់រំភាសាអង់គ្លេស, អក្សរសាស្ត្រអង់គ្លេស, គ្រប់គ្រងអប់រំ។

ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានបង្រៀនទៅលើផ្នែកមានគ្រប់គ្រងទូទៅ, រដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រនយោបាយ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រខ្មែរ អប់រំភាសាអង់គ្លេស ប្រវត្តិវិទ្យា រូបវិទ្យា គណិតវិទ្យា, ភូមិវិទ្យា ជីវវិទ្យា គ្រប់គ្រងអប់រំ ធនាគារ ហិរញ្ញវត្ថុ និងនីតិសាស្ត្រ។

នៅក្នុងនោះដែរ លោក ប៉ែន វិបុល បានថ្លែងថា វិស័យអប់រំគឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទូទាំងពិភពលោក ដែលធ្វើឱ្យមនុស្សម្នាក់ៗ បានយល់ដឹង គ្រប់របៀបរបបទាំងអស់ ដែលកើតចេញពីការអប់រំនេះ តាមរយៈការបង្រៀន ការណែនាំ និងការបង្ហាញនានា ដល់ប្អូនៗ និស្សិត និងមនុស្សគ្រប់រូបនៅលើពិភពលោកនេះ។

លោកបានបន្តទៀតថា ការអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្អូនៗ និស្សិត ដើម្បីប្រែក្លាយខ្លួន ទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ យុវជនល្អ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ចំណេះដឹង គឺកេីតចេញពីការខិតខំប្រឹងប្រែងរបស់ប្អូនៗ និសិ្សតក្នុងការខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង គឺដេីម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ពិតណាស់ ការខិតខំប្រឹងប្រែងតែងតែទទួលបានជោគជ័យ ហេីយគ្មានជោគជ័យណា កេីតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ។ លោកក៏បានដាក់ពាក្យស្លោកមួយឃ្លា ដល់ប្អូនៗ និស្សិតឱ្យចងចាំនៅក្នុងចិត្ត «រៀនឱ្យបានខ្ពស់ រក្សាឈ្មោះយសមេបា»

លោកបានផ្តាំផ្ញើដល់ប្អូនៗ សិស្សនិសិ្សតទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនធ្វេីឱ្យយើង បាត់បងសតិអារម្មណ៍ ហ៊ានធ្វេីអ្វីៗទាំងអស់មួយវិញទៀត វាធ្វេីឱ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕