(ភ្នំពេញ)៖ នៅក្នុងអត្ថបទវិភាគនៅថ្ងៃនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អគ្គនាយកវិទ្យុបារាំងអន្តរជាតិ ផ្នែកខេមរភាសា និងជាអ្នកជំនាញភូមិសាស្ត្រអន្តរជាតិ បានវែកញែកទៅលើប្រធានបទថ្មីមួយ ជុំវិញបញ្ហានយោបាយដែលកំពុងក្តៅគគុករវាង អ៊ុយក្រែន-រុស្ស៉ី-ណាតូ។

អ្នកវិភាគភូមិសាស្រ្តនយោបាយដ៏ល្បីរូបនេះ បានចោទជាសំណួរថា តើពីព្រោះតែណាតូ រុស្ស៉ីអាចនឹងចូលឈ្លានពានអ៊ុយក្រែនដែរ ឬទេ? ខាងក្រោមនេះជាអត្ថបទវិភាគទាំងស្រុងរបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖

អង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើង ហៅកាត់ជាភាសាបារាំងថា អូតង់ (OTAN) គឺជាមរតកនៃសង្គ្រាមត្រជាក់។ នៅត្រង់ថា អូតង់ដែលត្រូវបង្កើតឡើងនៅថ្ងៃ ៤ មេសា ១៩៤៩ និង ដែលចូលជាធរមាននៅឆ្នាំ១៩៥១ ជាលទ្ធផលនៃព្រឹត្តិការណ៍ចំនួនពីរ ក្រោយសង្គ្រាមលោកលើកទី២។ ទីមួយ គឺការលែងត្រូវគ្នារវាងអាមេរិក និងសូវៀត ដែលជាសម្ព័ន្ធមិត្តនឹងគ្នា ក្នុងសង្គ្រាមលោកលើកទី២ ដើម្បីកម្ទេចអាល្លឺម៉ង់របស់ ហ៉ីទ្លែរ (Hitler)។ មហាប្រទេសទាំងពីរនេះដែលជាអ្នកឈ្នះសង្គ្រាម ស្រាប់តែក្លាយជាសត្រូវនឹងគ្នាវិញ ចាប់ពីឆ្នាំ១៩៤៧ទៅ ពីព្រោះតែមូលហេតុមនោគមវិជ្ជា និងមូលហេតុមហិច្ឆតា។ ទីពីរ គឺការស្នើសុំពីសំណាក់បណ្តាប្រទេសអឺរ៉ុបខាងលិច នៅក្រោយសង្គ្រាមលោកលើកទី២ សុំឱ្យអាមេរិកជួយធានាការពារសន្តិសុខរបស់ពួកគេ នៅចំពោះមុខអានុភាពយោធាដ៏ធំសម្បើមអស្ចារ្យរបស់សូវៀតកុម្មុយនីស្ត។ នៅក្នុងបរិបទបែបនេះ អាមេរិក និងកាណាដា ព្រមទាំងបណ្តាប្រទេសអឺរ៉ុបខាងលិច ដែលកាលណោះ តាំងខ្លួនជាតំណាង «ពិភពសេរី» នាំគ្នាបង្កើតអូតង់ឡើង ដើម្បីទប់ទល់នឹង«ពិភពកុម្មុយនីស្ត»ដឹកមុខដោយសូវៀត។

ជាការឆ្លើយតបវិញ នៅថ្ងៃ១៤ ឧសភា ១៩៥៥ សហភាពសូវៀត និង បណ្តាប្រទេសកុម្មុយនីស្តអឺរ៉ុបខាងកើតចំនួនប្រាំពីរ នាំគ្នាបង្កើតសម្ព័ន្ធភាពយោធាមួយដែរ ដែលគេហៅថា កតិកាសញ្ញាវ៉ាសូវី (Varsovie)។ ប៉ុន្តែ ក្រោយមកនៅឆ្នាំ១៩៩១ កតិកាសញ្ញាវ៉ាសូវីនេះ ត្រូវរំលាយចោលវិញ ក្រោយការរលំរលាយទៅនៃសូវៀត និងបន្ទាប់ពីសង្គ្រាមត្រជាក់ត្រូវចប់។ ផ្ទុយទៅវិញ អូតង់នៅបន្តដំណើរការរហូតដល់សព្វថ្ងៃនិងថែមទាំងរីកធំលើសមុនទៀតផង រីកធំសំដៅទៅទិសខាងកើត។ សព្វថ្ងៃនេះ អូតង់មានសមាជិកទាំងអស់៣០ ដោយសារតែស្រូបយកបានពួកបណ្តាប្រទេសអឺរ៉ុបខាងកើតចំនួន១០ដែលនៅក្នុងអតីតកាលជារណបសូវៀតនិងដែលមួយចំនួនជាសមាជិកនៃកតិកាសញ្ញាវ៉ាសូវី ដោយសារតែស្រូបយកបានអតីតសាធារណរដ្ឋសូវៀតចំនួន៣ ដែលគេហៅថាបណ្តាប្រទេសបាល្ទ(Baltes) និងដោយសារតែស្រូបយកបាន ពួកអតីតសាធារណរដ្ឋយូហ្គោស្លាវី (Yougoslavie) ចំនួន៤។

ការណ៍ដែលអូតង់ បន្តមានវត្តមាន បន្តដំណើរការ និងបន្តពង្រីកខ្លួន ចូលកាន់តែជិតទៅដល់ទឹកដីរុស្ស៊ី ធ្វើឱ្យរុស្ស៉ីបារម្ភ ។ ក្រោយពីស្រូបយកមកធ្វើជាសមាជិករបស់ខ្លួន បណ្តាប្រទេសអឺរ៉ុបខាងកើត និងបណ្តាប្រទេសបាល្ទ អូតង់ ត្រៀមស្រូបយក អ៊ុយក្រែន(Ukraine) និង ហ្សកហ្ស៉ី (Georgie) ទៀត។ នេះគឺជាអ្វីដែលប្រធានាធិបតីរុស្ស៊ី ពូទីន (Poutine) មិនអាចទទួលបាន ដ្បិតតាមសំដីរបស់ពូទីន វាជាការគំរាមកំហែងដោយចំពោះមកលើសន្តិសុខរបស់រុស្ស៊ីតែម្តង។ នេះទីមួយ។ ទីពីរសម្រាប់ពូទីន វាជាការចង់ស្រូបយកប្រជាជាតិដែលរុស្ស៉ីចាត់ទុកថាជាបងប្អូន ចាត់ទុកថាជាបរទេសស្និទ្ធស្នាលជាងគេបង្អស់របស់ខ្លួន។ គឺនៅក្នុងបរិបទបែបនេះហើយដែលនៅឆ្នាំ២០០៧-២០០៨ រុស្ស៉ីលូកដៃក្នុងសង្គ្រាមអបគមន៍នៅអាប់កាហ្ស៉ី (Abkhazie) និងនៅអូស្សេទីខាងត្បូង (Ossétie du Sud) ក្នុងប្រទេសហ្សកហ្ស៉ី។ ដូចគ្នា ក្នុងឆ្នាំ២០១៤ ពូទីនបង្កសកម្មភាពពីរផ្ទួនៗគ្នាដែលមានលក្ខណៈប្រថុយប្រថានខ្លាំងមែនទែន។ ទីមួយ រុស្ស៉ីលូកដៃទៅក្នុងតំបន់ដុងបាស់ (Donbass) ប៉ែកឦសាននៃអ៊ុយក្រែន ជាទីដែលប្រជាជនភាគច្រើនជាជនជាតិរុស្ស៉ីឬជាអ្នកនិយមប្រើប្រាស់ភាសារុស្ស៉ី។

ការលូកដៃរបស់រុស្ស៉ីទៅក្នុងតំបន់ដុងបាស់ បង្កឱ្យមានការបះបោរ ដែល ក្រោយមក ក្លាយជាសង្គ្រាមស៊ីវិល តរហូតមកទល់សព្វថ្ងៃ រវាងអ្នកបស្ចិមលោកនិយមនិងអ្នករុស្ស៉ីនិយម។ សកម្មភាពទីពីររបស់ពូទីន គឺការក្រសោបយកគ្រីមេ នៅឆ្នាំ២០១៤ដដែលនោះ ក្រោមមូលហេតុថា រុស្ស៉ីត្រូវតែការពារជនជាតិរុស្ស៉ីនៅគ្រីមេ និង ក្រោមមូលហេតុថា ប្រជាជននៅគ្រីមេ សម្រេចប្រកាសឯករាជ រួចហើយផ្តាច់ខ្លួនចេញពីអ៊ុយក្រែនមកចុះចូលជាមួយរុស្ស៊ី។ ម្ល៉ោះហើយ តាំងពីឆ្នាំ២០១៤នោះមក អ៊ុយក្រែនក្លាយជាចំណុចក្តៅ ក្លាយជាវិបត្តិអន្តរជាតិធ្ងន់ធ្ងរជាងគេរវាងរុស្ស៉ីនិងបស្ចិមលោក។

សម្រាប់ពូទីន តែហ៊ានបណ្តោយឱ្យអ៊ុយក្រែនក្លាយជាសមាជិកអូតង់ផុតហើយ គ្រោះអាសន្នធំនឹងអាចកើតឡើងសម្រាប់រុស្ស៊ី។ នៅត្រង់ថា នៅពេលនោះ អ៊ុយក្រែននឹងអុងអាត់ជាងមុន អាចនឹងហ៊ានរហូតដល់ទៅទាមទារយកគ្រីមេមកវិញ ទោះជាសង្គ្រាមត្រូវផ្ទុះឡើងក៏ដោយជាមួយរុស្ស៊ី។ ហេតុអ្វី? ពីព្រោះ អូតង់ប្រកាន់គោលការណ៍មួយសំខាន់ដែលកំណត់ដោយមាត្រាទី៥នៃសន្ធិសញ្ញា នោះគឺសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក។ បានន័យថា រាល់ការឈ្លានពានមកលើសមាជិកណាមួយក៏ដោយរបស់ អូតង់ នឹងត្រូវចាត់ទុកថាជាការឈ្លានពានមកលើបណ្តាសមាជិកទាំងអស់របស់អូតង់តែម្តង។

យ៉ាងណាក៏ដោយ ពូទីន ធ្លាប់ប្រកាសថា អូតង់ខ្លាំងជាងរុស្ស៉ីមែនពិត «ប៉ុន្តែ រុស្ស៉ីក៏ជាមហាអំណាចនុយក្លេអ៊ែរមួយដែរ ហើយគូបដិបក្ខទាំងពីរ ចង់ឬមិនចង់ អាចនឹងធ្លាក់ខ្លួន ក្នុងសង្គ្រាមនុយក្លេអ៊ែរ» បើសិនជាត្រូវច្បាំងគ្នានៅទីបំផុត។ និយាយបែបផ្សេង រុស្ស៉ីមិនញញើតនឹងអូតង់ទេ ឬប្រឹងប្រែងបង្ហាញថាខ្លួនមិនញញើតនឹងអូតង់ទេ ពីព្រោះរុស្ស៉ីចង់ឱ្យអូតង់ ធានាជាលាយលក្ខអក្សរថា ខ្លួននឹងមិនទទួលអ៊ុយក្រែនជាសមាជិកដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។ អូតង់វិញ ពិសេសអាមេរិកដែលជាបងធំនិងដែលមានកងទ័ពរហូតដល់ ៧ ៤០០០នាក់ នៅអឺរ៉ុប មិនព្រម។ ដូចគ្នា អ៊ុយក្រែន ដែលជាសាមីខ្លួនផ្ទាល់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាសមាជិកទី៣១ របស់អូតង់។

មែនទែនទៅ រុស្ស៉ីក៏មិនត្រូវនិយាយពន្លើសពេកដែរ។ អ្នកណាក៏ដឹងដែរថា រុស្ស៉ីចង់ឱ្យអូតង់រំលាយខ្លួនចោល។ សម្រាប់ពូទីន បើគ្មានអូតង់ បានន័យថា នឹងគ្មានទៀតទេការចូលរួមរបស់អាមេរិកក្នុងកិច្ចការពារសន្តិសុខរបស់អឺរ៉ុប ហើយក៏នឹងគ្មានទៀតដែរ ការរួបរួមគ្នារវាងបណ្តាប្រទេសអឺរ៉ុប ដើម្បីការពារសន្តិសុខរបស់អឺរ៉ុប ពីព្រោះបើគ្មានអូតង់ បណ្តាប្រទេសសមាជិកទាំង៣០ នឹងត្រូវបែកខែ្ញកគ្នា។ នៅពេលនោះ បើនិយាយពីកម្លាំងយោធា គ្មានប្រទេសអឺរ៉ុបណាមួយអាចទប់ទល់នឹងរុស្ស៉ីបានទេ សូម្បីតែបារាំងដែលជាមហាអំណាចយោធាដ៏ធំមួយ ក៏មិនអាចទប់ទល់តែឯងនឹងរុស្ស៉ីបានដែរ។ ដូចគ្នា អូតង់សព្វថ្ងៃមិនមែនចាំតែប្រឈមមុខនឹងរុស្ស៊ីតែមួយគត់ ដូចកាលសម័យសង្គ្រាមត្រជាក់នោះទេ។ ជាការពិត សម្រាប់ពួកប្រទេសអឺរ៉ុបខាងកើត អូតង់គឺជាខែលការពារពួកគេពីការគំរាមកំហែងរបស់រុស្ស៉ី។ ប៉ុន្តែ សម្រាប់ពួកប្រទេសអឺរ៉ុបខាងលិចវិញ អូតង់គឺជាវេទិកានយោបាយនិងយោធាមួយសម្រាប់ជជែកគ្នាពីបញ្ហានិងសម្រាប់ដោះស្រាយបញ្ហា។ ជាក់ស្តែង តាំងពីចប់សង្គ្រាមត្រជាក់មក អូតង់ធ្វើអន្តរាគមន៍នៅបូស្នី(Bosnie)ក្នុងឆ្នាំ១៩៩៥ នៅកូសូវ៉ូ(Kosovo) ក្នុងឆ្នាំ១៩៩៩ ហើយក្រោយមហាភេរវកម្មថ្ងៃ១១កញ្ញា២០០១ អូតង់ផ្តើមដើរតួនាទីថ្មីមួយ នោះគឺចូលប្រលូកក្នុងសង្គ្រាមប្រឆាំងភេរវកម្មអន្តរជាតិ តាមរយៈការធ្វើអន្តរាគមន៍នៅអាហ្កានីស្ថាន(Afganistan)។

ដោយឡែក មានក្តីបារម្ភមួយទៀតដែលពូទីនមិនដែលសារភាពសោះឡើយ នោះគឺការបារម្ភខ្លាចប្រជាធិបតេយ្យូបនិយកម្មដែលកំពុងមានសន្ទុះខ្លាំងក្លានៅអ៊ុយក្រែនរីករាលដាលចូលមកដល់រុស្ស៊ី និង នៅទីបំផុត គំរាមកំហែងរបបនយោបាយនៅវិមានក្រេមឡាំង(Kremlin)។ គឺការរីកធំឡើងទន្ទឹមគ្នានៃកម្លាំងអូតង់និងកម្លាំងប្រជាធិបតេយ្យចូលមកកៀកកាន់តែជិតដល់សំយ៉ាបផ្ទះរបស់រុស្ស៉ីនេះហើយដែលអាចនឹងបណ្តាលឱ្យពូទីនសម្រេចចូលឈ្លានពានអ៊ុយក្រែនគ្រប់ពេលវេលា និង បង្កជាសង្គ្រាមប្រកបដោយគ្រោះថ្នាក់ធំធេង សម្រាប់ទ្វីបអឺរ៉ុប។ ត្រង់នេះ នៅចុងឆ្នាំ២០២១-ដើមឆ្នាំ២០២២, រុស្ស៉ីកេណ្ឌទ័ពជាង១០០០០០នាក់មកដាក់នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។ រុស្ស៉ីត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយក្រសោបយកអ៊ុយក្រែន។ ទីមួយ ពីព្រោះ ពូទីន ឋិតក្នុងភាពទាល់ច្រកនៃការទូត ដោយគ្មានលទ្ធភាពខ្ទប់មិនឱ្យអ៊ុយក្រែនចូលជាសមាជិកអូតង់បានទេ។ រុស្ស៉ីអាចនឹងវាយក្រសោបយកអ៊ុយក្រែន ពីព្រោះ ទីពីរ បរិបទទូទៅ មានអំណោយផល។ នៅត្រង់ថា អាមេរិកទើបតែផុតរវល់នឹងការដកទ័ពចេញពីអាហ្វហ្កានីស្ថាន ហើយឋិតនៅក្រោមការដឹកនាំរបស់បៃឌិន, ប្រធានាធិបតីមួយរូបជរា នឿយហត់ និងខ្សោយ ដែលបារម្ភពីចិនជាងបារម្ភពីសន្តិសុខអឺរ៉ុប។ ទន្ទឹមនេះ នៅអឺរ៉ុបឯណោះ បារាំងកំពុងជាប់រវល់នឹងការរៀបចំបោះឆ្នោតប្រធានាធិបតី រីឯអាល្លឺម៉ង់វិញទើបតែចាកចេញពីសករាជដឹកនាំដ៏យូរលង់របស់ Angela Merkel និងកំពុងឋិតនៅក្រោមការគ្រប់គ្រងរបស់ Olaf Scholz ដែលមិនទាន់មានបទពិសោធន៍ជ្រៅជ្រះ។

ជាការពិត ការចូលឈ្លានពានអ៊ុយក្រែនជាយថាហេតុ គឺជាគំនិតមួយហ៊ានជ្រុលពីសំណាក់ពូទីន។ ប៉ុន្តែ សម្រាប់ពូទីន វាជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនប្រាប់អូតង់ និងប្រាប់បស្ចិមលោកជាទូទៅថា មិនត្រូវប៉ះពាល់ដាច់ខាតដែនអំណាច និងក្រវ៉ាត់សន្តិសុខរបស់រុស្ស៉ីទេ៕