(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពត បានដាក់វិធានការមួយចំនួន សម្រាប់បន្តអនុវត្តយុទ្ធសាស្ត្រ គឺសមាជិកបក្សម្នាក់ សំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក ដោយផ្អែកលើអំពើល្អ របស់មន្ត្រីបក្ស ទាំងបរិមាណ និងគុណភាពរបស់សមាជិកបក្ស ដើម្បីការឈ្នះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២២ ឆ្នាំ២០២៣ និងអាណត្តិបន្តខាងមុខ។

ការដាក់វិធានការខាងលើរបស់លោកបណ្ឌិត ប៉ែន ស៊ីម៉ន នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំតាមវីដេអូ Zoom ផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២១ និងទិសដៅការងាររបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងបូកសរុបលទ្ធផលកាតងារឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់គណបក្សខេត្ត នៅសាលសន្និសីទខេត្តកំពត នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលដឹកនាំក្នុងកិច្ចប្រជុំផ្ទាល់ពីលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយចូលរួម ពីលោក ជឹង ផល្លា អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្ត, សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តប្រធានគណបក្សក្រុង ស្រុកទាំង៩ ក្នុងខេត្ត ព្រមទាំងអស់លោក-លោកស្រីថ្នាក់ដឹកនាំក្រុមការងារគណបក្សថ្នាក់កណ្ដាលជាច្រើនរូបផងដែរ។

ទន្ទឹមនេះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារគណបក្ស ដែលថ្នាក់ដឹកនាំក៏ដូចជាសមាជិក សមាជិកា គណបក្សគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់អនុវត្តរួមគ្នាក្នុងស្មារតីជំរុញការផ្សព្វផ្សាយ និងបន្តការអនុវត្តវត្តរាល់ខ្លឹមសារនៃសេចក្ដីសម្រេចនានា របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រយៈពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ប៉ែនស៊ីម៉ន ក៏បានណែនាំ ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្ស ខេត្ត ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយ ជូនដល់សមាជិកនិងមន្ត្រីគណបក្សនៅតាមមូលដ្ឋានឱ្យបានជ្រាបនូវរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ស្របទៅតាមការណែនាំរបស់ថ្នាក់កណ្ដាល ដើម្បីបូកសរុបរាយការណ៍ជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ឱ្យបានរួចរាល់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ។

លោក ប៉ែន ស៊ីម៉ន ក៏បានផ្ដាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ក៏ដូចជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ត្រូវជំរុញធ្វើយ៉ាងណាយកចិត្តទុកដាក់ លើការងារគណបក្ស និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២២ ឆ្នាំ២០២៣ នឹងបន្តឈ្នះក្នុងអាណត្តិខាងមុខថែមទៀត៕