(សៀមរាប)៖ ពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តសៀមរាប បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពី លោក ទៀ សីហា ប្រធានគណបក្សខេត្តសៀមរាប និងជាប្រធានគណៈចលនាមហាជនខេត្តសៀមរាប រួមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម លោក ទៀ សីហា បានធ្វើរបាយការណ៍ពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាលគណបក្សខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ ដោយលោកបានរំលេចនូវការអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួនកន្លងមក ស្របតាមទិសដៅការងាររបស់គណបក្សប្រជាជនកម្ពុជា។

លោកបានគូសបញ្ជាក់ថា សកម្មភាពទាំងអស់នេះបានបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ជាពិសេសការគិតគូរ យកចិត្តទុកដាក់ និងនៅជាប់ជាមួយប្រជាពលរដ្ឋខណៈពេលដែលប្រជាពលរដ្ឋមានតម្រូវការណាមួយ។

លោក ទៀ សីហា បានលើកឡើងថា «ការរួមកម្លាំងគ្នាជំនះគ្រប់ឧបសគ្គ និងអនុវត្តការងារតាមជំហាន គឺជាការសម្រេចបានភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ សកម្មភាពទាំងអស់បានស្ដែងឲ្យឃើញពីសមត្ថភាពរបស់មន្ត្រីថ្នាក់មូលដ្ឋាន ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា»។

នាឱកាសពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការគាំពារផ្នែកសុខមាលភាពរបស់ប្រជាជន។

លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់អំពីសមត្ថភាព និងភាពបត់បែនក្នុងការដឹកនាំប្រទេសរបស់ប្រមុខថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រទេសជួបវិបត្តិកូវីដ១៩។ លោកបានលើកឡើងថា កម្ពុជាបានចំណាយធនធានសន្សំរបស់ជាតិយ៉ាងច្រើន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងនោះមិនថាការបញ្ជាទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងការគិតគូរពីជីវភាពរបស់ប្រជាជន តាមរយៈការបន្តបើកប្រាក់បៀរវត្សជូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ជាបន្តបន្ទាប់។

សូមជម្រាបថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប បានធ្វើការកែសម្រួល និងរៀបចំរចនាសម្ព័ន្ធក្នុងគណបក្សខេត្ត ដែលក្នុងនោះរួមមាន គណៈចលនាមហាជនខេត្ត គណៈចលនាយុវជន គណៈចលនាស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍។ ទន្ទឹមនេះ ក្រៅពីរចនាសម្ព័ន្ធរបស់គណបក្សខេត្តដែលមានស្រាប់ ខេត្តសៀមរាបក៏បានបង្កើតបន្ថែមនូវគណៈចលនាសាសនិកឥស្លាមផងដែរ៕