(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវយ៉ាងទទូចសុំឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។

ការអំពាវនាវបែបនេះរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់មួយរយៈពេលចុងក្រោយប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ១៩ បានបន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសភាគច្រើននៃអ្នកជំងឺ សុទ្ធតែប្រភេទមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង។

តាមទំព័រ Facebook ផ្លូវការ បង្ហោះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានអំពាវនាវយ៉ាងដូច្នេះថា៖ «យោងព័ត៌មានជាបន្តបន្ទាប់ស្តីពីការកើនឡើងនូវករណីឆ្លងថ្មី (និងមរណៈភាព ០២រូប) កាលពីម្សិល ដែលបណ្តាលមកពីវីរុស Omicron ខ្ញុំសូមអំពាវនាវជាថ្មីដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធាន ០៣កុំ និង០៣ការពារ ឱ្យបានខ្ជាប់ខ្ជួន»

លោកក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំនានា ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធិភាពនូវសន្ទុះនៃការឆ្លងថ្មីនេះ។ សហគមន៍យើងមានសុវត្ថិភាព លុះណាតែយើងទាំងអស់គ្នាចូលរួម ដែលរាប់ទាំងការចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្តគ្រប់យន្តការ ស្ថាប័ន និងនិន្នាការផងដែរ»។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៧៣៦នាក់ ក្នុងនោះករណីនាំចូលចំនួន៦នាក់ និងឆ្លងក្នុងសហគមន៍៧៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៩៧នាក់ និងអ្នកស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៤៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,៤៦២នាក់, ស្លាប់សរុបចំនួន៣,០១៧នាក់៕