(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្ដដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យសំណង់នានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រោយពីទទួលភារកិច្ច ជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីខួបលើកទី៤៣ ទិវាដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តួចផ្តើម និងកៀងគរសប្បុរសជន ធ្វើការសាងសង់តំបន់ប្រវត្តិសាស្ត្រនេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ តំបន់មិត្តភាពកម្ពុជា វៀតណាម ទីលានកីឡាបាល់ទាត់ជាដើម។

កន្លងទៅបានកសាងរួចរាល់ដូចជា សាលាដំណាក់ អគារវេទិកា បន្ទប់អនាម័យ តារាងបាល់ទាត់ ស្រះទឹក ផ្លូវ ប្រព័ន្ធលូ បង្គោលភ្លើង បណ្ដាញអគ្គិសនី ដាំដើមឈើ ។ល។ កំពុងបន្តសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម អាគាររដ្ឋបាល អគារស្នាក់នៅ បន្ទប់អនាម័យ ប្រាង្គប្រសាទព្រះអង្គគោកធ្លក ផ្លូវក្រាលកៅស៊ូក៏កំពុងសាងសង់ជិតរួចរាល់ផងដែរ។

គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧៕