(ភ្នំពេញ)៖ សព្វថ្ងៃបើនិយាយអំពីស្ថានការណ៍ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់នៅមាត់បង្អួចនៃសង្រ្គាមយ៉ាងក្ដៅគគុក ធ្វើឲ្យបក្សសម្ព័ន្ធយោធាណាតូ ដែលមានសហរដ្ឋអាមេរិកជាក្បាលម៉ាស៊ីន បានប្រកាសអះអាងក្នុងភាពច្របូកច្របល់នូវវោហាសាស្ត្រមិនច្បាស់លាស់ថា រុស្ស៊ីនឹងប្រើកម្លាំងយោធាវាយចូលឈ្លានពានអ៊ុយក្រែនម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ នៅពាក់កណ្ដាលខែកុម្ភ: ឆ្នំា២០២២នេះ។ ស្ថិតក្នុងស្ថានភាពដ៏ក្ដៅគគុកនេះ បើយើងងាកមកពិនិត្យអំពីគំនិតជាតិនិយមរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនវិញ តើគំនិតជាតិនិយមរបស់រុស្ស៊ី ចាត់ទុកអ៊ុយក្រែនជាអ្វី?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយអំពីជម្លោះរវាងប្រជាជាតិមួយ និងប្រជាជាតិមួយទៀតនៅលើពិភពលោកនេះ ជាទូទៅផ្ដើមចេញពីមហិច្ឆតាវាតទី នៃភូមិសាស្រ្ដនយោបាយ ការដណ្ដើមយកភោគផលសេដ្ឋកិច្ច និងគំនិតជាតិនិយមហួសហេតុជាដើម ដោយទាមទារតម្រូវឲ្យយើងស្វែងយល់នូវគ្រប់សាច់រឿងនៃជម្លោះដោយឈរលើប្រវត្ដិសាស្រ្ដនៃជាតិសាសន៍នីមួយៗ។

ហេតុនេះចំពោះជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលពីមុនជាបងប្អូនបង្កើតនឹងគ្នា ហើយដែលសព្វថ្ងៃពិភពលោកកំពុងបើកភ្នែកសម្លឹងមើលស្ទើរ មិនព្រិចភ្នែកតាមដានព្រឹត្តិការណ៍របស់ប្រទេសទាំងពីរនេះថា តើរុស្ស៊ីប្រើកម្លំាងយោធាឈ្លានពានចូល ឬមិនឈ្លានពាននោះ បើយើងងាកមកនិយាយអំពីគំនិតជាតិនិយម របស់រុស្ស៊ីវិញ គឺក្នុងគំនិតជាតិនិយមរបស់មេដឹកនាំរុស្ស៊ី ពុំមានអ៊ុយក្រែននោះទេ តែជាផ្នែកប្រវត្តិសាស្ត្រនៃរុស្ស៊ីប៉ុណ្ណោះ។

ក្នុងគំនិតជាតិនិយមរបស់រុស្ស៊ី ដែលពុំមានអ៊ុយក្រែននេះ ហាក់ដក់ជាប់យ៉ាងជ្រៅនៅក្នុងស្រទាប់មេដឹកនំារុស្ស៊ី ជាក់ស្ដែងដូចជាលោក វ៉្លាឌីស្លាវ សួរគូវ Vladislav Surkov ជាអ្នកនយោបាយដ៏មានឥទ្ធិពល និងជាអ្នកបំផុសនូវគំនិតមនោគមវិជ្ជាជាតិនិយមដ៏សំខាន់ នៃវិមានក្រឹមឡាំងរបស់លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា «អ៊ុយក្រែនមិនមែនជារដ្ឋមួយ» នោះទេ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើពោលពីគំនិតជាតិនិយមរបស់មេដឹកនាំរុស្ស៊ីនេះទៀតសោត លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអះអាងនៅក្នុងកិច្ចប្រជុំកំពូល NATO នាខែមេសា ឆ្នាំ ២០០៨ នៅទីក្រុង Bucharest នៃប្រទេស Romania រ៉ូម៉ានីថា «អ៊ុយក្រែនមិនមែនជារដ្ឋទេ! តែជាផ្នែកមួយនៃទឹកដីរបស់ខ្លួន (រុស្ស៊ី) គឺនៅអឺរ៉ុបខាងកើត ដែលជាអំណោយពីពួកយើង!»។ បន្ទាប់មកទៀត នៅក្នុងសន្ទរកថាដ៏រំជើបរំជួលរបស់លោក ពូទីន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្ដីពីការរួបរួមជាតិសាសន៍នៃតំបន់គ្រីមៀ ត្រទ្បប់បញ្ចូលមករស្ស៊ីវិញ លោក ពូទីន បានប្រកាសយ៉ាងច្បាស់ៗថា «ជនជាតិរុស្ស៊ី និងអ៊ុយក្រែន គឺជាប្រជាជនតែមួយ» គៀវ Kiev គឺជាម្តាយនៃទីក្រុងរុស្ស៊ី។ តមកទៀតនៅខែកុម្ភៈ ឆ្នាំ ២០២០ លោកបានថ្លែងទៀតថា ជនជាតិអ៊ុយក្រែន និងជនជាតិរុស្ស៊ី គឺជា «ពូជសាសន៍តែមួយ» ហើយលោកបានគូសបញ្ចាក់ថា អត្តសញ្ញាណជាតិអ៊ុយក្រែន បានលេចចេញជាលទ្ធផលនៃការជ្រៀតជ្រែកពីបរទេស តែដោយប្រជាជាតិយើងតំាងពីបុរាណមកមានប្រភពរួម ហេតុនេះយើងមិនអាចរស់នៅដោយគ្មានគ្នាបានទេ។

បន្ថែមពីនេះទៀត នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ Dmitry Medvedev បានថ្លែងនៅខែមេសា ឆ្នាំ២០១៦ថា មិនមានរដ្ឋណាមួយនៅក្នុងអ៊ុយក្រែន ទាំងមុន និងក្រោយវិបត្តិតំបន់គ្រីមៀឆ្នាំ២០១៤នោះទេ។ គំនិតជាតិនិយមរបស់រុស្ស៊ី នៅក្នុងទឡ្ហីករណ៍ ប្រវត្តិសាស្ត្រ បានក្លាយជាប្រធានបទដ៏សំខាន់ ដើម្បីបង្ហាញអំពីហេតុផល នៃការបញ្ចូលតំបន់គ្រីមៀ មកក្នុងរុស្ស៊ី។ អ្វីកាន់តែទូលំទូលាយថែមទៀតនោះ ក្នុងការបកស្រាយប្រវត្តិសាស្រ្ត ហាក់ដូចជាមានអារម្មណ៍ងប់ងល់ថា អ៊ុយក្រែន ពិតជាមិនធ្លាប់ ជាប្រជាជាតិ ឬរដ្ឋនៅក្នុងបុព្វសិទ្ធិរបស់ខ្លួន។

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើនិយាយអំពីសាវតារប្រវត្ដិសាស្រ្ដគេនឹកទៅសម័យកាល kieven Rus ជាសហព័ន្ធនយោបាយបានធ្លាក់ទៅម៉ុងហ្គោលី នៅចន្លោះឆ្នាំ១២៣៧-១២៤២ នៃគ.ស ដោយបំបែកតំបន់នេះទៅជាបំណែកៗ ទីបំផុតបានក្លាយទៅជារដ្ឋទំនើបនៃប្រទេសបេឡារុស្ស អ៊ុយក្រែន និងរុស្សី ។ ក្រោយមកទៀតឈ្មោះ Kievan Rus ក៏បានក្លាយជារចនាសម័យទំនើបសតវត្សទី ១៩នៃគ.ស. ដោយ Rus បានគ្រប់គ្រងទីក្រុង Kiev ដូច្នេះ «Kievan Rus» មានន័យថា «ទឹកដី Rus និង Kiev»

ចំពោះជនជាតិទំាងនេះក្រៅពីមានភាពជិតស្និទ្ធិខាងវប្បធម៌ ប្រពៃណី និងជំនឿ គឺគំនិតជនជាតិរុស្ស៊ីជាច្រើនមានទស្សនថា Kievan Rus ស្ថិតនៅកណ្តាលទីក្រុងគៀវ នាពេលបច្ចុប្បន្ននេះ ហើយត្រូវបានចាត់ទុកថាជាបុព្វបុរសរួម។ ក្រោយពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ អ៊ុយក្រែន ទទួលបានជារដ្ឋឯករាជ្យក៏ដោយ តែចំពោះគំនិតជាតិនិយមរុស្ស៊ី បានចាត់ទុកថាជាការបាត់បង់ដោយចៃដន្យតែប៉ុណ្ណោះ។

ត្រង់នេះបើក្រឡេក មើលទៅក្នុងប្រវត្តិសាស្ត្រ អ៊ុយក្រែន ឃើញថា គ្រោះថ្នាក់ចេញពីគំនិតជាតិនិយមរបស់់រុស្ស៊ីពីអតីតកាល។ ដូច្នេ្នះការសរសេរប្រវត្តិសាស្ត្រ ឡើងវិញរវាងប្រជាជាតិទាំងពីរ ដោយឈរលើមូលដ្ឋានវិទ្យាសាស្រ្ដទើបជារឿងសុខដុមមនាយ៉ាងប្រពៃ ពិសេសវិមានក្រឹមទ្បាំពុំគួរសរសេរតែខ្លួនឯងនោះទេ៕