(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តន៍វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ក្រសួងសុខាភិបាលសូមធ្វើការណែនាំបន្ថែម ជូនដល់សាធារណជននូវវិធានការសុខាភិបាលចាំបាច់ និងលក្ខខណ្ឌមួយចំនួន ដែលត្រូវគោរពប្រតិបត្តិឱ្យបានល្អ សម្រាប់បុគ្គលដែលមានវិជ្ជមានវីរុសកូវីដ-១៩ មានដូចខាងក្រោមនេះ៖

ក៖ ការធ្វើតេស្តរហ័ស ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល និងទំនាក់ទំនងព័ត៌មាន
១៖ ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

បុគ្គលដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ទោះជាមានចេញរោគសញ្ញាតិចតួច ឬច្រើន ឬបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចាំបាច់ត្រូវដាក់ខ្លួន នៅដាច់ដោយឡែកភ្លាមៗ និងធ្វើតេស្តរហ័ស ដើម្បីរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ឬពឹងសមាជិកគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ ឱ្យធ្វើតេស្តរហ័សឱ្យ។ ប្រសិនបើទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ត្រូវធ្វើតេស្តរហ័សឡើងវិញ ក្នុងរយៈពេល៧២ម៉ោងក្រោយ ឬនៅពេលដែលមានលេចចេញ នូវរោគសញ្ញាសង្ស័យ។ ក្នុងអំឡុងពេលនៃការសង្ស័យ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ស្នាក់នៅដាច់ដោយឡែក និងរក្សាអនាម័យដៃ និងផ្លូវដង្ហើម និងអនុវត្តខ្ជាប់ខ្ជួន នូវគម្លាតសុវត្ថិភាពបុគ្គល (លើសពី១,៥ម៉ែត្រឡើង) ពីក្រុមគ្រួសារ ឬសមាជិកដែលរស់នៅក្នុងផ្ទះជាមួយគ្នា។ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ឬក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋាន ដែលបុគ្គលរស់នៅជាចាំបាច់ ដើម្បីទទួលបានការណែនាំពីការព្យាបាលបានត្រឹមត្រូវ និងអាចជួយអន្តរាគមន៍ បានទាន់ពេលវេលា នៅពេលមានបញ្ហាជាយថាហេតុ។

២៖ ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល

* ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល៖ អ្នកជំងឺកូវីដ-១៩ ត្រូវស្នាក់នៅដាច់ដោយឡែក នៅទីតាំងដែលមានអនាម័យ និងចរន្តខ្យល់ចេញចូលល្អ និងត្រូវរក្សាអនាម័យផ្ទាល់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតចាប់ពី ១.៥ម៉ែត្រ ឡើងទៅ) ដើម្បីចៀសវាងការចម្លងវីរុសកូវីដ-១៩ ទៅសមាជិកគ្រួសារ និងអ្នកដទៃ។

អ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅថែទាំព្យាបាលនៅតាមផ្ទះ ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅតាមផ្ទះ (ដែលក្រសួងសុខាភិបាល ធ្លាប់បានចេញសេចក្តីណែនាំ ក្រើនរំលឹកជារឿយៗរួចហើយ) និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដែលបងប្អូនស្នាក់នៅ។

- អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា៖ អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា អាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួនឯងនៅផ្ទះ ដោយប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល 200មីលីក្រាម (Molnupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត ២០០មីលីក្រាម ក្នុងមួយគ្រាប់) លេបរៀងរាល់១២ម៉ោងម្តង សម្រាប់រយៈពេល៥ថ្ងៃ បន្តបន្ទាប់។ គួរប្រើ Molnupiravir ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ និងពុំត្រូវប្រើសម្រាប់មនុស្សអាយុក្រោម១៨ឆ្នាំ និងស្ត្រីបំបៅដោះកូននោះទេ។

* អ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ឬធន់៖ ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា វីរុសវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង មានសភាពហាក់ស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ។

អ្នកជំងឺកូវីដ-១៩ អូមីក្រុងនេះ ក៏អាចមានរោគសញ្ញា ដែលអាចនាំឱ្យវិវត្តទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ដែលចាំបាច់ត្រូវ ស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថប់ៗ ហត់ ឬ ពិបាកដកដង្ហើម ឬមិនមានការវិវត្តន៍ប្រសើរឡើងនៃ ស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល។

* លក្ខខណ្ឌបញ្ចប់ការព្យាបាល៖ អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ចាំបាច់ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្តរហ័សវិជ្ជមានត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័ក ក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ក្រោយបញ្ចប់ការព្យាបាលជាចាំបាច់។

៣៖ ទំនាក់ទំនងព័ត៌មាន

បុគ្គលដែលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ត្រូវជូនដំណឹងដល់អ្នកជាប់ពាក់ព័ន្ធជាមួយដោយផ្ទាល់ ដែលបានជួបបុគ្គលវិជ្ជមានវីរុសកូដ-១៩ មុនពេលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ដើម្បីឱ្យបុគ្គលនោះធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងមានការប្រុងប្រយ័ត្ន ក្នុងការតាមដានសុខភាពបន្តទៀត ក៏ដូចជាចៀសវាងការចម្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃជាយថាហេតុ។

បុគ្គលដែលរកឃើញថា មានវិជ្ជមានវីរុសកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យជាពិសេសប្រធានមន្ទីរសុខាភិបាលខេត្ត នៅតំបន់ដែលបុគ្គលរស់នៅ ដើម្បីបន្តនីតិវិធីព្យាបាល តាមដាន និងការពារការចម្លងបន្តទៅអ្នកដទៃ។

ខ៖ ការរក្សាអនាម័យ និងការចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន

* បុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្ត នូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្លួន ដូចជា៖
- ត្រូវរក្សាអនាម័យផ្ទាល់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្ត ៣ការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រ ឡើងទៅ) ដើម្បីចៀសវាងការចម្លងវីរុសកូវីដ-១៩ ទៅសមាជិកគ្រួសារ និងអ្នកដទៃ

- ក្នុងជីវភាពស់នៅរប្រចាំថ្ងៃ ត្រូវកាត់បន្ថយឱ្យនៅកម្រិតអប្បបរមានូវសកម្មភាពរបស់ខ្លួនដូចជា ៖

* កាត់បន្ថយ ឬមិនស្ថិតនៅក្នុងទីតាំងបិតជិតគ្មានរំហូរខ្យល់ចេញចូលគ្រប់គ្រាន់
* កាត់បន្ថយ ឬមិនជួបជុំជាមួយមនុស្សច្រើនកុះករពេក
* មិនប៉ះពាល់ផ្ទាល់បុគ្គលដែលមកជួបសន្ទនា ឬសន្ទនាជិតគ្នាច្រើនជាដើម។

សូមចំណាំថា ប្រសិនបើសកម្មភាពទាំង៣ខាងលើ កើតឡើងក្នុងពេលតែមួយនឹងនាំឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវីដ-១៩ ជាចង្កោម ឬជាក្រុម។

- ត្រូវសម្អាតដោយថ្នាំសម្លាប់មេរោគនៅលើផ្ទៃប្រើប្រាស់រួម ឬជាសាធារណៈ និងសម្ភារៈបរិក្ខារ ឬវត្ថុប្រើប្រាស់ទាំងអស់ ដែលប៉ះពាល់ដោយមនុស្សច្រើនគ្នា។

គ៖ ការចូលរួមពនឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ

សូមបងប្អូនទាំងអស់គ្នាចូលរួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ទាំងសម្រាប់ការចាក់ដូសមូលដ្ឋាន និងដូសជម្រុញ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមអាយុ៣ឆ្នាំ ទៅក្រោម ៥ឆ្នាំ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាពទប់ទល់នឹងការវ៉ៃលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ ឬការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងជួយសង្គ្រោះ អាយុ ជីវិតមនុស្ស។

សូមកុំជឿនូវព័ត៌មានចចាមអារាម បំផុសបំផុលអគតិដែលញុះញង់បន្ទុចបង្អាក់ ការមកទទួលយកការចាក់វ៉ាក់សាំងវីដ-១៩របស់បងប្អូន។ សូមចងចាំថា មានតែការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ តាមការជូនព័ត៌មាន និងការណែនាំថ្មីៗជាប្រចាំ និងជាបន្តបន្ទាប់របស់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងការចូលរួម
អនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួននោះទេ ទើបអាចបង្ការ និងទប់ស្កាត់បាននូវការចម្លង ក៏ដូចជាការរីករាលដាលនៃវីរុសកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ព្រមទាំងកាត់បន្ថយនូវភាពធ្ងន់ធ្ងរនៃជំងឺ ក៏ដូចជាអត្រាមរណៈភាពដោយសារជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយនូវបន្ទុកធ្ងន់ ដល់វិស័យសុខាភិបាលសាធារណៈ ដែលអាចនាំឱ្យប៉ះពាល់ដល់និរន្តរភាពនៃការផ្តល់សេវា សុខាភិបាលចាំបាច់នានា និងប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមជាតិ។

ឃ៖ ការជួបជុំដែលមានមនុស្សម្នាច្រើនកុះករ

លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត មានជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី ឬកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីកីឡា ឬកម្មវិធីកំសាន្តប្រមូលផ្តុំនានា ក្រសួងសុខាភិបាល សូមលើកទឹកចិត្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួម ក្នុងកម្មវិធីទាំងនេះ ឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តន៍វិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ក្នុងបរិយាកាសដែលមានរំហូរខ្យល់ ចេញចូលគ្រប់គ្រាន់ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ និងរក្សាបាននូវអនាម័យដៃ និងផ្លូវដង្ហើមបានត្រឹមត្រូវ។

លើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង មុននឹងទៅចូលរួមកម្មវិធីជួបជុំ ក្នុងកម្រិតអប្បបរមាណាមួយ និងមិនត្រូវទៅចូលរួមកម្មវិធីណាមួយនោះ ក្នុងករណីដែលបុគ្គលខ្លួនឯងមិនមានសុវត្ថិភាព ឬមានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩។

ម្ចាស់កម្មវិធីត្រូវចាត់ចែងឱ្យមានការពិនិត្យ លើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្តអ្នក ដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី ដោយត្រូវរៀបចំក្រុមការងារ ដែលមានសុខភាពល្អ ចេះធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ធ្វើការយកវត្ថុសំណាកធ្វើតេស្ត ដោយអនុវត្តទៅតាមការណែនាំពីរបៀបធ្វើតេស្ត ទៅតាមប្រភេទតេស្តរហ័សនីមួយៗ ដោយត្រូវប្រើប្រាស់តែឧបករណ៍តេស្ត ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងត្រូវវេចខ្ចប់កាកសំណល់ ដែលបានធ្វើតេស្តរហ័សរួច ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពមុននឹងយកទៅកំទេចចោល។ បុគ្គលដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការព្យាបាលនៅផ្ទះ តាមមធ្យោបាយសមស្រប និងមានសុវត្ថិភាព៕