(ភ្នំពេញ)៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លទ្ធផលវត្ថុសំណាករបស់ក្រុមបាតករ ក្រុមហ៊ុនណាហ្គាវ៉ើលដ៍ ចំនួន២៤នាក់បន្ថែមទៀតហើយ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ខណៈអ្នកដែលពាក់ព័ន្ធមួយចំនួនមិនទាន់មកយកសំណាកអស់នៅឡើយទេ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់បែបនេះថា «តាមព័ត៌មានពីក្រុមគ្រូពេទ្យទីតាំងយកសំណាកនៅកោះពេជ្រ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យមន្រ្តីរដ្ឋបាលខណ្ឌចំការមន ដែលប្រចាំការនៅទីនោះដឹងថា រយៈពេលពីរថ្ងៃនេះគិតពីថ្ងៃទី១៩ -២០ ខែកុម្ភៈនេះ បានរកឃេីញករណីវិជ្ជមានកូវីដ១៩ លេីបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីល៏ចំនួន២៤នាក់ទៀតបន្ថែម ហេីយអ្នកពាក់ព័ន្ធលេីកមុននៅមិនទាន់មកយកសំណាក់អស់នៅឡេីយទេ»

សូមរំលឹកថា មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ ទន្ទឹមនឹងនេះមន្ទីរក៏សូមអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករដែល
មិនទាន់មកយកសំណាកលើកទី២ សូមរួសរាន់មកយកសំណាកកុំបីខាន៕