(កំពង់ចាម)៖ ផ្លូវលំក្រាលដី១ខ្សែ មានប្រវែង ១,២៦២ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥,៥០០ដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ស្ថិតក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាអំណោយរបស់ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងបរិវេណវត្តខ្ទឹង។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោក ចាស់ ជឿន មេឃុំទងត្រឡាច និងតំណាងឧកញ៉ា ឡូវ ហ៉ឹង និងប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ បានចូលរួមពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំក្រាលដី០១ខ្សែនេះផងដែរ។

លោកមេឃុំ ចាស់ ជឿន តំណាងឧកញ៉ា ឡូវ ហ៉ឹង បានរាយការណ៍ថា សាលាបឋមសិក្សាខ្ទឹង០១ ខ្នង៥បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបបានកសាងរួចរាល់ហើយជាស្ថាពរ និងបានផ្តល់ឱកាសឱ្យក្មួយៗ សិស្សានុសិស្សបានចូលរៀនជាស្ថាពរហើយ ម៉្យាងវិញទៀតក៏សំណូមពរដល់ មាតា បិតា ឬអាណាព្យាបាលសិស្ស មេត្តាបញ្ជូនកូនចៅដែលគ្រប់អាយុដល់វ័យសិក្សាឱ្យមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា។

លោក ស៊ីម គង់ បានកោតសសើរ និងវាយតម្លៃខ្ពស់ ទៅលើសមិទ្ធផលថ្មីៗ ជាច្រើនបានស្ថាបនាកើតឡើងនៅក្នុងឃុំទងត្រឡាច លើសពីនេះទៀត ផ្លូវលំក្រាលដី១ខ្សែ មានប្រវែង ១,២៦២ម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ៥,៥០០ដុល្លា ដែលឧបត្ថម្ភថវិកាដោយឧកញ៉ា ឡូវ ហ៉ឹង បានសម្រេចប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃនេះ ដែលជាសមិទ្ធផលថ្មីបន្ថែមមួយទៀត នៅក្នុងឃុំទងត្រឡាចផងដែរ។

លោក ស៊ីម គង់ បានបន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ឋ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព» ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។

លោកអភិបាលស្រុកបានគូសបញ្ជាក់ថា មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

លោក ស៊ីម គង់ បានសំណូមពរឱ្យប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចទាំងអស់ ចូលរួមថែររក្សា និងការពារសមិទ្ធផលដែលបានកសាងស្ថាបនាឡើង ដើម្បីទុកសម្រាប់ការប្រើប្រាស់ឱ្យបានយូរអង្វែង និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

អំណោយរបស់ ឧកញ៉ា ឡូវ ហ៉ឹង ផ្តល់ជូនប្រជាពលរដ្ឋភូមិខ្ទឹង ប្រមាណ២០០គ្រួសារ ក្នុងមួយៗគ្រួសារទទួលបានក្រម៉ាមួយ និងថវិកា ១ម៉ឺនរៀលផងដែរ៕