(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរប្រភេទទម្ងន់ ៦០គីឡូក្រាមចំនួន ១៦រូប ត្រូវបានជ្រើសរើសចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ អមប្រាក់រង្វាន់ ៤០លានរៀល (ប្រមាណ ១ម៉ឺនដុល្លារ) ដោយប្រើពេលជាង ៤ខែនៅលើសង្វៀន PNN ក្នុងកម្មវិធី Ganzberg One Strike រដូវកាលទី២ ដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

សម្រាប់បេក្ខភាពជើងខ្លាំង ១៦រូបខាងលើរួមមានកីឡាកីរ ព្រឿង សុជាតិ, សេក ចៅជូន, ទូច ដាវីន, ឡុន ជិន, រិន ដាវីត, រឿម វណ្ណៈ, ឯម សុធី, វៀត ប៊ុនឌឿន, ម៉ន សាម៉េត, សៀវ ង៉ុយ, ធន់ ផានិត, អេលីត សាន់, លាភ រដ្ឋា, ផាន់ សុផាត, ឆង ថងសិទ្ធ និងកីឡាករ នៅ ដារ៉ូ។ ការប្រកួតនេះនឹងប្រើរូបមន្ដចាញ់ធ្លាក់ បន្ទាប់ពីគណៈកម្មការរៀបចំការប្រកួតបានចាប់ឆ្នោតចែកចេញជា ៨គូ ពោលគឺអ្នកឈ្នះទើបមានឱកាសឡើងវគ្គបន្ដ។

សូមរំឮកថា កាលពីរដូវកាលទី១ កម្មវិធីខាងលើត្រូវបានរៀបចំការប្រកួតក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ខណៈម្ចាស់ខ្សែក្រវាត់បានទៅកីឡាករ អេលីត ចំរើន បន្ទាប់ពីយកឈ្នះកីឡាករ បឺត សង្ឃឹម ដោយពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះចាំមើលតើរជ្ជកាលថ្មីនៃការប្រកួតប្រភេទទម្ង់ ៦០គីឡូក្រាម ដែលមានកីឡាករជើងខ្លាំងរហូតដល់ ១៦រូបចូលរួម តើអ្នកលេងគុនខ្មែររូបណា នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ អមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារ?