(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច លោកស្រី ឯក ដាលីស ជាអភិបាលរងស្រុកសៀមប៉ាង។ ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង។

ការប្រកាសតែងតាំង និងផ្ទេរភារកិច្ច លោកស្រី ឯក ដាលីស ធ្វើឡើងតាមរយៈ ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ.៣២៣ ប្រ.ក ត្រូវ ដែលលោកស្រី ឯក ដាលីស មានឋានន្តរស័ក្ដិនាយក្រុមការ ថ្នាក់លេខ៦ ។

លោក ព្រំ ដន អភិបាលស្រុកស្តីទី បានឱ្យដឹងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំផ្ទាល់របស់ អភិបាលខេត្តស្ទឹងត្រែង ស្រុកសៀមប៉ាង មានការអភិវឌ្ឍ កសាងនូវសមិទ្ធផលជាច្រើនបានធ្វើឱ្យប្រជាពលរដ្ឋមាន ជីវភាពធូធារផងដែរ។ សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះដោយបានអនុវត្តនូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផលជា ច្រើគួជាទីមោទនៈ។

នៅក្នុងឱកាសនោះ លោក ស៊ី សួន បានគូសបញ្ជាក់ថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបាន កំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។

លោក ស៊ី សួន បានបន្ថែមថា ការប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកនាពេលនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្រ្តីឱ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។ ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្ដុំកម្លាំងសរុបសំដៅជំរុញបង្កើននូវប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រងរដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អភិបាលរងស្រុកថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឱ្យកាន់តែសកម្ម ខ្លាំងក្លាថែមទៀតពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ៕