(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចម្រើន ហើយ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះតែម្តង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង គឺ៤៦៨ម៉ែត្រគូប ក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។

សាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ម៉ែត្រ សម្រាប់ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ ១៩ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។

លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថា គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ «កម្ពុជា-ជប៉ុន» ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រម ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទទួលបានគោលការណ៍អនុញ្ញាតខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើសក្រុមហ៊ុនចម្រុះសម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃនៃកិច្ចសន្យាចំនួន ៣០០,០០០,០០០យ៉េនជប៉ុន ហើយតាមរយៈការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមៅការអនុវត្តគម្រោង និងបានចុះកិច្ចសន្យាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តែ តំណាងដោយលោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន (ដោយសារបញ្ហាការរីកំរាលដាលជាសកលជំងឺកូវីដ-១៩) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងតម្លៃគម្រោងគឺ ២,៣៤០,០០០,០០០យ៉េនជប៉ុន បន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងកម្មវិធីថ្ងៃទី២២ ខែកុម្ភៈ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)ផងដែរ ពោលគឺរហូតដល់កម្មវិធីនេះត្រូវបានបញ្ចប់ទើបបើកឱ្យធ្វើចរាចរជាធម្មតាឡើងវិញ៕