(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (ស.ក.ប.ក.) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាង គ.ប.ផ.ក. ជាមួយ ស.ក.ប.ក. លើការផ្តល់ការអប់រំ ការផ្សព្វផ្សាយ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា នៅកម្ពុជា។

ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. និងលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ននានាជាច្រើនរូបទៀត។

អនុស្សរណៈដ៏មានសារៈសំខាន់នេះ បង្កើតបានជាយន្តការមួយសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើការផ្តល់ការអប់រំ ការផ្សព្វផ្សាយ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីមេធាវី សេង វួចហ៊ុន ក៏បានអញ្ជើញថ្លែងនូវមតិស្វាគមន៍ ដោយបញ្ជាក់អំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា និងតួនាទីយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្មក្នុងបរិបទសង្គមទំនើបបច្ចុប្បន្ននេះ ដែលជំរុញឱ្យចរន្តក្នុងការធ្វើពាណិជ្ជកិច្ចទាំងក្នុងប្រទេស និងក្រៅប្រទេស មានការប្រកួតប្រជែងខ្ពស់ ហើយវានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ទាំងអំពីជម្រើសនៃគុណភាព និងតម្លៃចំពោះផលិតផល ឬសេវាកម្មនានាដែលត្រូវបានទទួលស្គាល់ និងដែលត្រូវបានការពារដោយច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ វិស័យកម្មសិទ្ធិបញ្ញា ក៏បានចូលរួមមួយផ្នែកនៅក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ ដោយសារតែវិស័យកម្មសិទ្ធិបញ្ញា នឹងបង្កើតទៅជាចំណូលអកម្មមួយផ្នែក ដែលមានលក្ខណៈអរូបិយសម្រាប់ពាណិជ្ជករ ឬម្ចាស់ស្នាដៃទាំងអស់ដែលគោរពលក្ខខណ្ឌច្បាប់តម្រូវ ហើយនៅពេលនោះ ទំហំនៃការប្រតិបត្តិការទិញ លក់ ពាក់ព័ន្ធនឹងផលិតផល ឬសេវា ឬស្នាដៃទាំងនោះ កាន់តែមានតម្លៃសេដ្ឋកិច្ចធំជាងមុន ដែលជំរុញឱ្យទំហំពន្ធអាករនានា ដែលរាជរដ្ឋាភិបាលអាចប្រមូលបាន កាន់តែមានទំហំធំជាងមុនដូចគ្នា។

លោកស្រីមេធាវី សេង វួចហ៊ុន បានបន្តថា យ៉ាងណាមិញ ការពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា គឺជាកត្តាមួយដ៏សំខាន់សម្រាប់ធានាឱ្យបានថា តួនាទីដ៏សំខាន់របស់វិស័យកម្មសិទ្ធិបញ្ញាដូចបានរៀបរាប់មុននេះ នឹងអាចកើតមានឡើងយ៉ាងពិតប្រាកដប្រកបដោយចីរភាព ហើយក៏ទាមទារឱ្យមានការយល់ដឹងដូចគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

នាឱកាសនោះដែរ លោកស្រីមេធាវី សេង វួចហ៊ុន បានគូសបញ្ជាក់ថា ហេតុនេះហើយ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ពិតជាត្រូវការក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលជាដៃគូ សហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ត្រូវបានផ្សព្វផ្សាយទៅដល់សាធារណៈជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើនជាងនេះទៅទៀត។

ក្នុងនោះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម គឺជាដៃគូសហការយ៉ាងសំខាន់មួយ ក្នុងចំណោមដៃគូសហការជាច្រើនរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ហើយក៏ជាស្ថាប័នដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាផងដែរ ព្រោះថានៅពេលដែលមានករណីបំពានលើកម្មសិទ្ធិបញ្ញាកើតឡើង គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះហើយ ដែលជាតួអង្គមន្ត្រីអនុវត្តសម្រាប់ការបង្ក្រាបករណីបំពានទាំងនោះ។

សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុទ្ធតែមានភាពចាំបាច់សម្រាប់ការស្វែងយល់បន្ថែមពីគ្នាទៅវិញទៅមក ដើម្បីឱ្យការបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងនាមប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លោកស្រីប្រធានសមាគម សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា តាមរយៈការចុះអនុស្សរណៈយោគយល់នេះនឹងបង្កើតបាននូវកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយគ្នានៅថ្ងៃនេះ ព្រមទាំងធ្វើឱ្យស្ថាប័នទាំងពីរ កាន់តែមានភាពជិតស្និទ្ធថែមទៀតក្នុងការសហការគ្នា និងការធ្វើសកម្មភាពជាច្រើនផ្សេងទៀត ហើយតាមរយៈកិច្ចសហការនេះ នឹងផ្តល់ជាប្រយោជន៍ដល់សង្គមកម្ពុជា ជាពិសេសគឺធ្វើឱ្យអ្នកធ្វើធុរកិច្ចទាំងអស់នៅកម្ពុជា កាន់តែមានអារម្មណ៍សុវត្ថិភាព តាមរយៈការយល់ដឹងក៏កាន់តែទូលំទូលាយ និងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា មានប្រសាសន៍អំពីភាពចាំបាច់ និងសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលបានអនុញ្ញាតដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយខ្លឹមសារ នៃអនុស្សសរណៈនេះមានគោលបំណងសំខាន់ផ្តោតទៅលើការអប់រំ ការ ផ្សព្វផ្សាយ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជារវាងគណៈកម្មាធិការ និងសមាគម។ លើសពីនេះ ការបណ្តុះបណ្តាលការចែករំលែកបទពិសោធន៍ និងការផ្សព្វផ្សាយដល់ដៃគូវិស័យឯកជន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់កម្មសិទ្ធិបញ្ញា ជាពិសេសការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលរំលោភលើកម្ម សិទ្ធិបញ្ញានៅកម្ពុជា។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្តថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកន្លងមក គណៈកម្មាធិការធ្វើការបង្ក្រាប និងបានធ្វើការបំផ្លាញចោលជាច្រើនលើក សរុបជាងមួយពាន់តោនរួចទៅហើយ ដែលផលិតផលទាំងអស់នោះរួមមាន៖ ផលិតផលឱសថ ឧបករណ៍ សម្ភារៈសម្រាប់ប្រឆាំងជំងឺកូវីដ១៩ ដែលអន់គុណភាពគ្មានស្តង់ដារ និង ខុសច្បាប់ ផលិតផលគ្រឿងសំអាង ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគខុសច្បាប់ និងខូចគុណភាព ក៏ដូចជាផលិតផលប្រើប្រាស់ទូទៅជាច្រើនសន្ធឹកសន្ធាប់ និងថែមទាំងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាច្រើននាក់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងពេលវេលាប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយខុសច្បាប់ និងការរំលោភលើកម្មសិទ្ធិបញ្ញា ដើម្បីធានាសុវត្ថិភាព និងសេចក្តីទុកចិត្តទៅដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។ បញ្ហាផលិតផលក្លែងក្លាយ ការរំលោភកម្មសិទ្ធិបញ្ញា និងចំណីអាហារខូចគុណភាពដែលមានផ្ទុកសាធាតុគីមីដូចជាគ្រឿងឧបភោគ-បរិភោគ គឺបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាយុជីវិត និងសេដ្ឋកិច្ចសង្គមកម្ពុជាយើង។

នៅក្នុងឱកាសនៃពិធីចុះអនុស្សរណៈដ៏មានអត្ថន័យនេះ និងដើម្បីចែករំលែកជូនដល់អ្នកចូលរួមទាំងអស់ផង គ.ប.ផ.ក. និង ស.ក.ប.ក. ក៏បានសហការរៀបចំឱ្យមានការធ្វើបទបង្ហាញពីវាគ្មិនដែលអញ្ជើញមកពីក្រសួងសុខាភិបាល វាគ្មិនដែលអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងវាគ្មិនដែលអញ្ជើញមកពី គ.ប.ផ.ក. ផ្ទាល់តែម្តង។

លោក ជីវ សុងហាក់ បានថ្លែងនូវសុន្ទរកថាបិទ ជាមួយនឹងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងបេសកកម្មដើម្បីផលប្រយោជន៍សង្គមមួយនេះ ពិតជាមិនអាចប្រព្រឹត្តទៅបានជោគជ័យ ដោយពឹងផ្អែកតែទៅលើស្ថាប័នណាមួយនោះទេ ពោលគឺទាមទារឱ្យមានកិច្ចសហការ និងកិច្ចសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធជាច្រើន។ ឯកឧត្តម ក៏បានលើកយកករណីការអនុវត្តន៍ច្បាប់លើវិស័យកម្មសិទ្ធិបញ្ញានេះ មកធ្វើជាឧទាហរណ៍ជាក់ស្តែងតែម្តង៖

ទី១៖ គឺទាមទារឱ្យមន្ត្រីអនុវត្តន៍ច្បាប់ និងអ្នកប្រកបរបរនានាយល់ដឹងជាមុនសិន ថាតើអ្វីជាកម្មសិទ្ធិបញ្ញា? វាមានលក្ខខណ្ឌតាមផ្លូវច្បាប់ និងមានការការពារយ៉ាងដូចម្តេច?

ទី២៖ គឺទាមទារឱ្យជនរងគ្រោះមានការយល់ដឹងអំពីនីតិវិធីនៃការអនុវត្តសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ ឱ្យបានត្រឹមត្រូវ ពោលគឺយ៉ាងហោចណាស់ត្រូវឱ្យអ្នកប្រកបរបរទាំងនោះយល់ថាខ្លួនគួរដាក់ពាក្យបណ្តឹងទៅស្ថាប័នណា ហើយគប្បីរកភស្តុតាងយ៉ាងដូចម្តេច នៅដែលពេលខ្លួនជួបប្រទះការរំលោភបំពានកម្មសិទ្ធិបញ្ញា។

ទី៣៖ គឺទាមទារឱ្យមន្ត្រីតុលាការ រួមមានទាំងព្រះរាជអាជ្ញា និងចៅក្រម ព្រមទាំងមេធាវីផងដែរ មានការយល់ដឹងអំពីបទប្បញ្ញត្តិនានារបស់វិស័យកម្មសិទ្ធិបញ្ញា ក៏ដូចជារបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ ដែលជាមន្ត្រីទទួលបន្ទុកបង្ក្រាបសម្រាប់ករណីបំពានបែបនេះ។

ជាការពិតណាស់ ក្រសួងយុត្តិធម៌ ដែលជាស្ថាប័នចម្បងសម្រាប់ការងារច្បាប់ និងយុត្តិធម៌ តែងតែបានធ្វើការងារសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើឱ្យបទដ្ឋានគតិយុត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពច្បាស់លាស់ ហើយការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនឹងការអនុវត្តច្បាប់លើវិស័យកម្មសិទ្ធិបញ្ញានេះ ក្រសួងយុត្តិធម៌នៅតែមានជំហរជានិច្ចក្នុងការគាំទ្រតាមគ្រប់រូបភាព ដើម្បីធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាល និងការសហការសម្របសម្រួលនានា ដើម្បីសម្រេចបាននូវគោលបំណងរួម សម្រាប់ផលប្រយោជន៍សង្គមកម្ពុជាយើង។

លើសពីនេះទៅទៀត គណៈអធិបតីនៃអង្គពិធី ក៏បានផ្តល់កិត្តិយសក្នុងការចូលរួមប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់របស់កម្មវិធីប្រកួតប្រជែង «សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សម្រាប់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ឬ IPAC for IP Development» ជូនដល់បេក្ខជនជ័យលាភីចំនួន ៣រូបផងដែរ៕