(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានលើកឡើងថា កងយោធពលខេមភូមិន្ទ បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការដើរតួនាទីជាកម្លាំងស្នូល និងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងបែបនេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាសនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នៅក្នុងពិធីនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា កិច្ចការពារជាតិ គឺជាអាតិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយដែលរាជរដ្ឋាភិបាលតែងតែគិតគូរដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកតម្កើងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងអាកាស បានថ្លែងទៅកាន់មន្ត្រីកងទ័ពជើងអាកាសថា ស្ថានភាពសន្តិសុខសម្រាប់ប្រទេសកម្ពុជា មានការប្រែប្រួលជាបន្តបន្ទាប់ ដោយសារការផ្លាស់ប្តូរសភាពការណ៍នៅក្នុងស្រុក និងការទទួលរងឥទ្ធិពលនៃការវិវត្តផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ព្រមទាំងកត្តាដទៃទៀតនៅក្នុងតំបន់ និងពិភពលោក។

សម្រាប់នាយឧត្តមសេនីយ៍ សឹង សំណាង ការប្រែប្រួលទាំងនេះ ទាមទារឱ្យមានការចាប់អារម្មណ៍ និងគិតគូរឱ្យបានហ្មត់ចត់ក្នុងការដាក់ចេញនូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព ភាពប្រឈម និងការគំរាមកំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។

«កន្លងមកកងយោធពលខេមភូមិន្ទបានការពារ និងទប់ស្កាត់បានទាន់ពេលវេលា និងមានប្រសិទ្ធភាពលើការប៉ុនប៉ងធ្វើភេរវកម្ម និងបង្កអស្ថិរភាពគ្រប់រូបភាព។ កងយោធពលខេមភូមិន្ទប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទីជាកម្លាំងស្នូល និងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សឹង សំណាង។

មេបញ្ជាការកងទ័ពជើងអាកាសរូបនេះ ក៏បានគូសបញ្ជាក់ដែរថា នៅក្នុងរយៈពេលកន្លងមក កងទ័ពជើងអាកាស បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនារបស់ប្រទេសជាតិ ស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលរក្សាបាននូវជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ។

នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់កងទ័ពជើងអាកាស នាយឧត្តមសេនីយ៍ សឹង សំណាង បានដាក់ចេញបទបញ្ជាមួយចំនួន ដើម្បីពង្រឹងការងាររបស់កងទ័ពជើងអាការក្នុងកិច្ចការពារជាតិមាតុភូមិ។ បទបញ្ជាទាំងនោះរួមមាន៖

១៖ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជាដរាបតរៀងទៅ។
២៖ ត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា លក្ខន្តិកៈ វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់នានារបស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ។
៣៖ បន្តយកចិត្តទុកដាក់ធ្វើជាសេនាធិការជូន អគ្គមេបញ្ជាការ លើការងារកសាងជំនាញទ័ពអាកាសឱ្យមានលទ្ធភាពគ្រប់គ្រាន់ ដោយសហការជាមួយបណ្តាអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសកងកម្លាំងការពារអាកាស ក្នុងការគ្រប់គ្រងបូរណភាពដែនអាកាសរបស់កម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។
៤៖ ត្រូវរៀបចំផែនការត្រៀមប្រយុទ្ធ និងប្រយុទ្ធការពារទីតាំងឈរជើងទៅតាមកងឯកភាពនីមួយៗ រួចសុំឆ្លងសច្ចាប័នថ្នាក់លើតាមលំដាប់ថ្នាក់ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព។ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ពិសេសក្នុងតំបន់ដែលអង្គភាពកំពុងឈរជើង។
៥៖ ត្រូវរៀបចំផែនការហោះហើរប្រយុទ្ធ ដឹកជញ្ជូន ស៊ើបការណ៍។ល។ ឱ្យបានត្រឹមត្រូវតាមច្បាប់ហោះហើរ លក្ខខន្តិកៈហោះហើរនានា ដែលបានកំណត់។
៦៖ ត្រូវចាត់តាំងអនុវត្តផែនការហ្វឹកហ្វឺនបំប៉ន-បណ្តុះបណ្តាលធនធានមនុស្សជំនាញគ្រប់ថ្នាក់ទៅតាមបទបញ្ជាហ្វឹកហ្វឺន របស់អគ្គមេបញ្ជាការ ក៏ដូចជាការចាត់តាំងហ្វឹកហ្វឺននៅនឹងកន្លែង ដែលសាម៉ីកងឯកភាពបានលើកជាផែនការ ដើម្បីពង្រឹងសមត្ថភាពកងទ័ព។
៧៖ ត្រូវរៀបចំផែនការកសាងកម្លាំងផ្អែកទៅលើការងារកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។ ជាពិសេសត្រូវក្តាប់ឱ្យបានធនធានដែលជានាយទាហាន នាយទាហានរង ក្នុងក្របខណ្ឌនៃកងឯកភាពនីមួយៗ ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាលនាយទាហានបន្តវេនទៅថ្ងៃអនាគត។
៨៖ ត្រូវមានការគ្រប់គ្រង ថែទាំតាមលក្ខណៈបច្ចេកទេសគ្រឿងបំពាក់យន្តហោះ ឧទ្ធម្ភាគចក្រទៅតាមរដូវកាលនីមួយៗ ដើម្បីធានាបានឱ្យដល់ការហ្វឹកហ្វឺន-ប្រយុទ្ធ និងប្រើប្រាស់បានយូរអង្វែង។
៩៖ បន្តលើកកម្ពស់ការយកចិត្តទុកដាក់ដល់ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យមានលក្ខណៈល្អប្រសើរ ពិសេសកិច្ចសហប្រតិបត្តិការរវាងអាកាសយានិកជាមួយអ្នកបច្ចេកទេស និងកងកម្លាំងបម្រើការងារផ្ទៃដីដទៃទៀត។
១០៖ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ផឹកស្អាត ហូបស្អាត រស់នៅស្អាត រក្សាគម្លាងសុវត្ថិភាព ពាក់ម៉ាស់ការពារ លាងដៃដោយអាល់កុល ឬទឹកសាប៊ូ ឱ្យបានញឹកញាប់ និងជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ «៣កុំ និង៣ការពារ»។

នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស ក៏បានណែនាំឱ្យគ្រប់កងឯកភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការកសាងអង្គភាពលើគ្រប់វិស័យទៅតាមការចង្អុលបង្ហាញរបស់ថ្នាក់លើ៕