(ភ្នំពេញ)៖ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អំពាវនាវ៦ចំណុច ទៅដល់ស្រ្តីមានផ្ទៃពោះ និងមាតាគ្រប់រូប សម្រាប់ការរស់នៅក្នុងបរិបទកូវីដ១៩។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងកម្មវិធីទិវាជាតិសុខភាពមាតា ទារក និងកុមា ដែលធ្វើឡើងក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»

លោកស្រី ប្រាក់ សោភ័ណនារី បានបញ្ជាក់ថា ក្នុងបរិបទនៃជំងឺតូវីដ-១៩ បច្ចុប្បន្ន តម្រូវ ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវ «រស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩»

នៅក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមា លោកស្រី អំពាវនាវដល់ស្រ្តីមានផ្ទៃពោះ និងមាតាគ្រប់រូប ដូចតទៅ៖

១៖ សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន៤ដង តាមពលវេលា និង ការណែនាំរបស់គ្រូពេទ្យ ទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយកសេវា បង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងមេរោគពីម្តាយទៅកូន។

២៖ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឬឆ្មបជំនាញដែលទទួលបាន ការបណ្ដុះបណ្ដាលត្រឹមត្រូវ និងទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក យកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។

៣៖ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅ ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

៤៖ ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

៥៖ សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។

៦៖ សូមឱ្យស្រ្តីមានផ្ទៃពោះ ស្ត្រីជាមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយទាំងអស់ អនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារ “៣ការពារ ៣កុំ” និងការណែនាំនានារបស់ក្រសួងសុខាភិបាល និង សូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកស្រី បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្តល់សេវាទាំងអស់ រួមទាំងសាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សូមចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។

លោកស្រីអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយលើការងារបណ្តុះបណ្តាល និងវិក្រឹត្យការដល់មន្ត្រីបុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីពង្រឹងគុណភាព និងគុណតម្លៃនៃការផ្តល់សេវាសុខភាពបន្តពូជ សុខភាព មាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុង បំបៅកូនដោយទឹកដោះម្តាយ។

បន្ថែមពីនេះទៀត លោកស្រី ប្រាក់ សោភ័ណនារី បានថ្លែងអំណរគុណជាអនេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិ និងអន្តរជាតិ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន ជាតិ-អន្តរជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបាននិងកំពុងគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ។ លោកស្រី ពិតជាមានក្តីសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា៕