(សៀមរាប)៖ ចៅសង្កាត់សៀមរាប លោក ម៉ៃ សាម៉េត បានជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង តាមការកំណត់របស់គ្រូពេទ្យ ដោយមិនត្រូវធ្វេសប្រហែសជាមួយនឹងជំងឺកូវីដ១៩ឡើយ។

លោកចៅសង្កាត់សៀមរាប បានថ្លែងជំរុញបែបនេះ ក្នុងកម្មវីធីសប្បុរសធម៌របស់អង្គការមនុស្សធម៌ Pod Project ដែលរៀបចំឡើងដោយលោក ទូច ដារិទ្ឋ ក្រុមការងារយុវជនសង្កាត់សៀមរាប និងមានការនិមន្តចូលរួមពីព្រះគ្រូ វិសុទ្ឋិញាណ ភ្លឿន រ័ត្ន គ្រូសូត្រស្តាំវត្តអធ្វា ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាការពារចំនួន១២០គ្រួសារ មកពី៥ភូមិ ក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។

លោកចៅសង្កាត់ ក៏សូមឲ្យប្រជាពលរដ្ឋត្រៀមនាំយកកូនចៅដែលមានអាយុពី៣ឆ្នាំដល់៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងនៅពេលឆាប់ៗនេះ ដោយយកមកជាមួយនូវសំបុត្រកំណើត និងសៀវភៅស្នាក់នៅផងដែរ។ លោក ក៏អំពាវនាវឲ្យទាំងអស់គ្នាត្រូវចូលរួមជាចាំបាច់ដោយប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវសេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការការចម្លងនៃជំងឺកូវីដ-១៩ និងមេរោគបម្លែងថ្មីអូមីក្រុង រួមគ្នាការពារទប់ស្កាត់កុំឲ្យមេរោគដ៏សាហាវនេះបន្តឆ្លងចូលសហគមន៍ទៀត។

ថ្លែងក្នុងពិធីនោះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ទូច ដារិទ្ឋ ក្រុមការងារយុវជនសង្កាត់ បានលើកឡើងថា ពលរដ្ឋទាំង១២០គ្រួសារ មួយចំនួនជួបការលំបាក ដោយសារក្នុងដំណាក់កាលជួបនូវវិបត្តិជំងឺកូវីដ-១៩ គ្រួសារខ្លះគ្មានចំណូលព្រោះការងារត្រូវបានបិទ ការលក់ដូរ និងអាជីវកម្មតូចតាចរបស់គាត់ត្រូវបានផ្អាក ខ្លះគាត់ជាចាស់ជរាគ្មានទីពឹង ខ្លះមានពិការភាពទៀតផង។

ព្រះគ្រូ វិសុទ្ឋិញាណ ភ្លឿន រ័ត្ន គ្រូសូត្រស្តាំវត្តអធ្វា ក៏បានផ្តល់ពុទ្ធឱវាទ និងដំបូន្មាន ក្នុងការជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់តាមប្រតិទិនកំណត់ ឲ្យឆាប់រួសរាន់ទៅចាក់ ដើមី្បការពារការឆ្លនៃជំងឺកូវីដ-១៩ និងមេរោគបម្លែងថ្មី (អូមីក្រុង ) និងអនុវត្តនូវវិធានការ៣កុំ និង ៣ការពារ និងសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី ក្នុងបរិបទកូវិដ-១៩។

គួរបញ្ជាក់ផងដែរ គ្រឿងឧបភោគបរិភោសរុបរួមមាន អង្ករ ១,៨០០គ.ក្រ ទឹកសុទ្ឋ ១២០យួរ ដោយចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ១៥គ.ក្រ ទឹកសុទ្ឋ១យួរ៕