(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចហើយ។ នេះបើតាមលិខិតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រៅពីសម្រេចទទួលស្គាល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បុត្រារបស់សម្តេចក្រុមព្រះ ជាព្រះប្រធានគណបក្ស, ក្រសួងមហាផ្ទៃ ក៏ទទួលស្គាល់អនុប្រធាន៤រូបរបស់ គណបក្សរាជានិយមមួយនេះ និងសមាសភាពគណៈកម្មាធិការនាយក ក៏ដូចជាការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សផងដែរ។

ទោះជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យ គណបក្សហ៊្វុនស៊ិនប៉ិច បញ្ជូននូវជីវប្រវត្តិសង្ខេបរបស់សមាសភាពគណៈកម្មាធិការនាយកទាំងអស់ ជូនមកក្រសួងមហាផ្ទៃផងដែរ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានអង្គសមាជគណបក្សហ៊្វុនស៊ិនប៉ិច បោះឆ្នោតសម្រេចជ្រើសតាំងឱ្យធ្វើជាប្រធានគណបក្ស កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២៕