(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់អំពីការអនុវត្តវិធានការសុខាភិបាល លើក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលនៅរឹងរូសមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងការកំណត់ឲ្យមកយកសំណាកលើកទី២ បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករមិនត្រឹមតែមិនអនុវត្តតាមការណែនាំ និងវិធានសុខាភិបាលផ្សេងៗ ដែលបានដាក់ចេញឡើយ ដោយក្រុមបាតុករមួយចំនួននៅតែចចេសរឹងរូស ដោយបានបន្តធ្វើការជួបជុំ ប្រមូលផ្ដុំយ៉ាងគគ្លេន និងអាណាធិបតេយ្យនៅតាមទីសាធារណៈដោយមិនអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះចរាចរណ៍ ពិសេសអាចបង្កការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរថែមទៀត។

រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករដែលបានមកប្រមូលផ្ដុំ ចំនួន៦៤នាក់ នៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករ ដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និងណែនាំដល់បាតុករដែលបានប៉ះពាល់គ្នា ធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍កាន់តែកើនឡើង រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំក្រុមបាតុករត្រូវចូលរួមសហការជាចាំបាច់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាក្រុមគ្រូពេទ្យក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាល ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត។

សូមរំលឹកថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្តុំគ្នានៅទីសាធារណៈខុសពីវិធានសុខាភិបាល ក៏ដូចជាមិនអនុវត្តតាមខ្លឹមសារសេចក្តី ជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។

គួរជម្រាបថា កាលពីថ្ងៃទី៥-៦-៧ ខែកុម្ភៈ ឆ្នាំ២០២២ មានបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ៨៧៩នាក់ បានទៅយកសំណាកនៅមណ្ឌលកោះពេជ្រ និងបានរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ ហើយក្រុមគ្រូពេទ្យបានណែនាំឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងតម្រូវឲ្យយកសំណាកជាលើកទី២ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្តទៀត។

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានទទួលយកសំណាកចំនួន ៥៥៧នាក់ លើចំនួនសរុប ៨៧៩នាក់ ដែលបានមកធ្វើសំណាកលើកទី២ និងបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៧២នាក់។ ក្រុមបាតុករប្រមាណជាង ៣០០នាក់ទៀត នៅមិនទាន់បានចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទៅយកសំណាកនៅទីតាំងដែលបានកំណត់ ដែលនេះបង្ហាញឱ្យឃើញច្បាស់ថា ក្រុមបាតុករទាំងនោះពុំបានអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាតឲ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ នៅពេលដែលមិនទាន់មានវិធានសុខាភិបាលបញ្ជាក់ថា ក្រុមបាតុករទាំងអស់នោះ ពុំមានវិជ្ជមានវីដ-១៩ និងតម្រូវឲ្យក្រុមបាតុករទាំងអស់ទៅយកសំណាកស្វែងរកវីរុសកូវីដ-១៩ ព្រមទាំងការធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានការសុខាភិបាល ព្រមទាំងណែនាំឲ្យបំពេញនីតិវិធីតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងប្រើប្រាស់ទីកន្លែងបញ្ចេញមតិជាសាធារណៈ (ទីលានប្រជាធិបតេយ្យ)។

បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំលេខ ០៦៨ សុខល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីង នៅក្នុងសហគមន៍ ដោយលើកទឹកចិត្តឲ្យមានការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រាល់ការប្រមូលផ្តុំជួបជុំគ្នាក្នុងឱកាសផ្សេងៗ។

ផ្ទុយទៅវិញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករមិនត្រឹមតែមិនអនុវត្តតាមការណែនាំ និងវិធានសុខាភិបាលផ្សេងៗ ដែលបានដាក់ចេញឡើយ ដោយក្រុមបាតុករមួយចំនួននៅតែចចេសរឹងរូស ដោយបានបន្តធ្វើការជួបជុំ ប្រមូលផ្ដុំយ៉ាងគគ្លេន និងអាណាធិបតេយ្យនៅតាមទីសាធារណៈដោយមិនអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះចរាចរណ៍ ពិសេសអាចបង្កការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរថែមទៀត៕